លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា ការរឹតបន្តឹងថ្មីរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងតួនាទីរបស់រុស្ស៊ី និងប្រទេសដទៃទៀត នៅក្នុងអាជីវកម្មប្រេងរបស់វ៉េណេស៊ុយអេឡា គឺជាការរើសអើងយ៉ាងច្បាស់ក្រឡែត។

វិមានក្រឹមឡាំង បាននិយាយនៅព្រឹកថ្ងៃពុធនេះថា ទីក្រុងមូស្គូមានគម្រោងស្វែងរកការបំភ្លឺពីសហរដ្ឋអាមេរិក ជុំវិញការរឹតបន្តឹងថ្មីនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញអាជ្ញាប័ណ្ណពិសេសមួយ ដើម្បីសម្រួលដល់ការរុករក និងផលិតប្រេង និងឧស្ម័ននៅក្នុងប្រទេសវេណេស៊ុយអេឡា។ អាជ្ញាប័ណ្ណនេះមិនបានអនុញ្ញាតឲ្យមានប្រតិបត្តិការដែលពាក់ព័ន្ធនឹងជនជាតិ ឬអង្គភាពរុស្ស៊ី និងចិននោះឡើយ។
លោក Lavrov បាននិយាយថា រុស្ស៊ីកំពុងទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងបញ្ហានេះ ហើយចង់ធ្វើការងារដោយការគោរពគ្នាទៅវិញទៅមក «ដោយគ្មានគំនិតត្រួតត្រា»៕
