សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួនចង់រឹតបន្តឹងការចុះឈ្មោះយានដ្រូន បង្កើតតំបន់ហាមឃាត់ការហោះហើរ និងលើកកម្ពស់ប្រព័ន្ធឃ្លាំមើលត្រួតពិនិត្យ នៅទីតាំងសំខាន់ៗ បន្ទាប់ពីមានការប្រទះឃើញជាបន្តបន្ទាប់ដែលមិនអាចពន្យល់បាន ជាហេតុការណ៍ដែលបានធ្វើឲ្យប្រទេសនៅតំបន់អឺរ៉ុច្របូកច្របល់ ក្នុងឆ្នាំ២០២៥។
ការហោះហើរអាថ៌កំបាំងជាបន្តបន្ទាប់ ដែលបានធ្វើឲ្យអាកាសយានដ្ឋានត្រូវបិទ កៀកនឹងមូលដ្ឋានយោធា និងនៅក្បែរទីតាំងនុយក្លេអ៊ែរ បានបង្ហាញយ៉ាងច្បាស់នូវភាពឆកល្វែងក្នុងប្រព័ន្ធសន្តិសុខរបស់អឺរ៉ុប នៅចំពោះមុខក្ដីបារម្ភ អំពីការគំរាមកំហែងពីរុស្ស៊ី។

ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកបច្ចេកវិទ្យា និងសន្តិសុខ លោកស្រី Henna Virkkunen បាននិយាយថា៖ «យើងបានឃើញថា អ្វីៗក៏អាចប្រើជាអាវុធប្រឆាំងនឹងយើងបានដែរ។ សមត្ថភាពយានដ្រូន និងប្រឆាំងយានដ្រូន គឺជាសមាសធាតុដ៏សំខាន់ ក្នុងការការពារអឺរ៉ុប និងធានាសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។
ផែនការសកម្មភាពថ្មីដែលប្រកាសដោយទីក្រុងប៊្រុចសែល មានន័យថា គ្របដណ្តប់លើវិស័យស៊ីវិល បន្ទាប់ពីមានការចាប់ផ្តើមនូវគំនិតផ្តួចផ្តើមមួយ ដើម្បីបង្កើតប្រព័ន្ធការពារប្រឆាំងយានដ្រូនរបស់យោធា នៅឆ្នាំ២០២៥។ មន្ត្រីសហភាពអឺរ៉ុប បានបង្ហើបឲ្យដឹងថា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងនេះ ពួកគេចង់បង្កើនដំណើរការចុះឈ្មោះយានដ្រូន ជាកាតព្វកិច្ចនៅទូទាំងប្លុក ដើម្បីអាចតាមដានការគំរាមកំហែងដែលអាចកើតមាន បានកាន់តែប្រសើរជាងមុន។
ហើយនាយកប្រតិបត្តិសហភាពអឺរ៉ុប ក៏ចង់ឲ្យរដ្ឋជាសមាជិករៀបចំផែនទីតំបន់ហាមឃាត់ការហោះហើរ ជុំវិញទីតាំងងាយរងគ្រោះឲ្យកាន់តែល្អប្រសើរជាងមុន ដោយបំណងចុងក្រោយ គឺចង់មានកម្មវិធីរារាំងយានដ្រូនកុំឲ្យហោះហើរនៅក្នុងតំបន់ទាំងនោះ៕

