យោងតាមការវាយតម្លៃពីមន្ត្រីលោកខាងលិច បានឲ្យដឹងថា រុស្ស៊ីបានបាត់បង់កងកម្លាំងបន្ថែមនៅសមរភូមិប្រហែល ៩.០០០នាក់ ក្នុងប្រទេសអ៊ុយក្រែន ពោលគឺច្រើនជាងកម្រិតដែលខ្លួនអាចជំនួសបាននៅក្នុងខែមករា ដែលជាសញ្ញានៃវឌ្ឋនភាព សម្រាប់មហិច្ឆតារបស់អ៊ុយក្រែន ក្នុងការបង្កការខូចខាតកាន់តែធ្ងន់ធ្ងរ នៅជួរមុខ។
បើយោងតាមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌអនាមិក បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី មិនអាចសម្រេចបាននូវការមានប្រៀបគួរឲ្យកត់សម្គាល់នៅលើដីបានឡើយ នៅក្នុងខែមករា ទោះបីជាពួកគេបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ។ ការវាយតម្លៃ ដែលមិនអាចផ្ទៀងផ្ទាត់បានដោយឯករាជ្យ អាចជួយជំរុញដល់គោលបំណងរបស់ទីក្រុងគីវ ក្នុងការធ្វើឲ្យមានការខាតបង់កាន់តែធំ សម្រាប់ទីក្រុងមូស្គូ។
ចំនួនទាហានរុស្ស៊ីដែលបានស្លាប់ក្នុងសមរភូមិ បានកើនឡើងដល់ ៣៥.០០០នាក់ ក្នុងខែធ្នូឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg ក្នុងខែមករា ជាតួលេខដែលស្ទើរតែខ្ពស់ជាងទ្វេរដងនៃកម្រិតមធ្យមភាគប្រចាំខែ តាមការគណនារបស់អង្គការណាតូ (NATO) ក្នុងឆ្នាំ២០២៥។

ក្រសួងការពារជាតិ នៅទីក្រុងមូស្គូ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ តាមរយៈអ៊ីម៉ែល។ រុស្ស៊ីស្ទើរតែមិនដែលបង្ហាញទិន្នន័យ អំពីអ្នកស្លាប់ និងរបួសរបស់ខ្លួន នៅក្នុងសង្គ្រាមនេះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ ក្នុងការព្យាយាមបង្កើនការបាត់បង់កងកម្លាំងរុស្ស៊ីឲ្យដល់ ៥០.០០០នាក់ ក្នុងមួយខែ នៅរដូវក្ដៅ ជាលទ្ធផលដែលទីក្រុងគីវយល់ឃើញថា វាធ្វើឲ្យពិបាកដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងការជំនួសកងទ័ព ដោយគ្មានទម្រង់កំណែនណាមួយនោះ៕
