ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះ បានសន្យាផ្តល់ជំនួយរាប់រយលានដុល្លារសម្រាប់ការពារដែនអាកាសសម្រាប់អ៊ុយក្រែន ដើម្បីជួយទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពល និងកម្តៅ របស់ប្រទេសនេះ។
ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ថវិកាប្រមាណ ២០០ លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់គម្រោងរបស់អង្គការណាតូដែលគាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីទិញអាវុធអាមេរិកសម្រាប់ទីក្រុងគីវ។

ទីក្រុងឡុងដ៍ក៏នឹងបញ្ជូនមីស៊ីលទម្ងន់ស្រាលចំនួន ១.០០០ គ្រាប់ ដែលផលិតដោយអង់គ្លេសដែលមានតម្លៃជាង ៥០០ លានដុល្លារ ទៅកាន់ទីក្រុងគីវផងដែរ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន «មានការប្តេជ្ញាចិត្តជាងពេលណាៗទាំងអស់ ក្នុងការគាំទ្រប្រទេសនេះ » ខណៈដែលសង្គ្រាមរបស់រុស្ស៊ី ខិតជិតដល់ការចាប់ផ្តើមឆ្នាំទី៥របស់ខ្លួនហើយនោះ។
ការប្រកាសនេះ បានកើតឡើង នៅពេលដែលរដ្ឋមន្ត្រីការពារជាតិណាតូ បានជួបប្រជុំគ្នា នៅទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីការបង្កើនការគាំទ្រដល់អ៊ុយក្រែន៕
