ប្រទេសស៊ុយអ៊ែត នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួននឹងល្បាត ជុំវិញប្រទេសអ៊ីស្លង់ និងកោះហ្គ្រីនឡែន ដោយយន្តហោះចម្បាំង Gripen ដែលជាផ្នែកមួយនៃបេសកកម្ម Arctic Sentry របស់អង្គការណាតូ (NATO)។
គួរបញ្ជាក់ថា អង្គការណាតូ បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានចាប់ផ្តើមបេសកកម្មនេះ ដើម្បីពង្រឹងវត្តមានរបស់ខ្លួន នៅតំបន់អាក់ទិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរម្ងាប់ភាពតានតឹងនៅក្នុងសម្ព័ន្ធភាព ដែលបង្កឡើងដោយការជំរុញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ឲ្យសហរដ្ឋអាមេរិកដណ្ដើមកាន់កាប់កោះហ្គ្រីនឡែន។
លោកនាយករដ្ឋមន្ត្រី Ulf Kristersson បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការណ៍នេះពង្រឹងដល់ការទប់ស្កាត់ ការពារផលប្រយោជន៍រួមរបស់យើង និងរួមចំណែកដល់ស្ថិរភាព នៅក្នុងតំបន់ដែលមានសារៈសំខាន់ ទាំងសម្រាប់អឺរ៉ុប និងកិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិក»។
លោកបានបន្ថែមថា៖ «ជាដំបូង ប្រទេសស៊ុយអែតនឹងចូលរួមចំណែកដល់បេសកកម្ម Arctic Sentry ជាមួយនឹងយន្តហោះ JAS 39 Gripen នៅក្នុងតំបន់ជុំវិញប្រទេសអ៊ីស្លង់ និងកោះហ្គ្រីនឡែន»៕