ក្នុងសប្ដាហ៍នេះ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃ បានប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ជុំវិញការខ្វះតម្លាភាពក្នុងការរាប់សន្លឹកឆ្នោតនៅទូទាំងមណ្ឌលបោះឆ្នោតរាប់សិបកន្លែង ព្រមទាំងមានបណ្ដឹងតវ៉ារាប់ពាន់ករណីដែលរាយការណ៍ពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលគណបក្សរបស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ Anutin Charnvirakul អះអាងជ័យជម្នះ។

ស្ទើរតែភ្លាមៗបន្ទាប់ពីការិយាល័យបោះឆ្នោតបិទនៅម៉ោង ៥ល្ងាចកាលពីថ្ងៃអាទិត្យ សាធារណជនបានរាយការណ៍ពីភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតនៅលើបណ្តាញសង្គម។ ទាំងនេះរួមមានវីដេអូដែលបង្ហាញឱ្យឃើញថា សន្លឹកឆ្នោតត្រូវបានរាប់ក្នុងទីងងឹត ហើយសន្លឹកឆ្នោតដែលមានសុពលភាពបែរជាត្រូវសម្គាល់ថាជាសន្លឹកឆ្នោតខូច ព្រមទាំងភាពខុសគ្នារវាងតួលេខដែលកត់ត្រានៅការិយាល័យបោះឆ្នោត និងតួលេខដែលបញ្ចូលទៅក្នុងប្រព័ន្ធអនឡាញរបស់គណៈកម្មការរៀបចំការបោះឆ្នោត។

ជាមួយគ្នានេះ គណបក្សប្រជាជនថៃ ដែលនាំមុខគេភាគច្រើនក្នុងការស្ទង់មតិមុនការបោះឆ្នោត ប៉ុន្តែស្ថិតនៅលំដាប់ទីពីរនៅពីក្រោយបក្សភូមិចៃថៃ បាននិយាយថា ខ្លួនទទួលយកលទ្ធផល ប៉ុន្តែចង់ឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌលបោះឆ្នោត ១៨កន្លែង។ បក្សភឿថៃ ដែលឈរនៅលេខរៀងទីបី បានគាំទ្រការពិនិត្យឡើងវិញក្នុងតំបន់ដែលសាធារណជនសង្ស័យ ចំណែកគណបក្សរួបរួមជាតិថៃ ដែលគាំទ្រដោយយោធា បានអំពាវនាវឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេស។

គួរឱ្យដឹងថា មកទល់បច្ចុប្បន្ន ការិយាល័យបោះឆ្នោតជិត ៩៥% បានរាយការណ៍លទ្ធផលបឋម ដែលបង្ហាញថា បក្សភូមិចៃថៃ នាំមុខគេក្នុងអាសនៈចំនួន ១៩៣ ក្នុងចំណោម ៥០០ អាសនៈក្នុងសភា។ លទ្ធផលនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការដោយគណៈកម្មការរៀបចំការបោះឆ្នោតនៅឡើយទេ ហើយនេះជាដំណើរការមួយដែលត្រូវតែបញ្ចប់ក្នុងពេល ៦០ថ្ងៃ បន្ទាប់ពីការបោះឆ្នោតសកល។
ស្ថានភាពនេះក៏បង្កឱ្យមានការតវ៉ាតូចៗទូទាំងប្រទេស ជាពិសេសតាមបណ្ដាញសង្គម ក្រោមហាសថេក (Hashtag) ដែលអំពាវនាវឱ្យ «រាប់ឡើងវិញទូទាំងប្រទេស» ចាប់តាំងពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ មក។ គណៈកម្មការបោះឆ្នោត និយាយថា គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ខ្លួនបានទទួលពាក្យបណ្តឹងផ្លូវការពីភាពមិនប្រក្រតីចំនួន ១១៣ករណី និងកំពុងស៊ើបអង្កេត។ ប៉ុន្តែអង្គភាពឃ្លាំមើលការបោះឆ្នោតឯករាជ្យ Vote62 បានកត់ត្រាបណ្តឹងជាង ៥.០០០ ករណី ទូទាំងប្រទេសថៃ៕