សហរដ្ឋអាមេរិក បានច្រានចោលការរកឃើញបែបវិទ្យាសាស្ត្រដែលជាមូលដ្ឋានកណ្តាលសម្រាប់សកម្មភាពរបស់ខ្លួនជាយូរមកហើយក្នុងការគ្រប់គ្រងការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។

សេចក្តីសម្រេចកាលពីនៅថ្ងៃព្រហស្បតិ៍ គឺជាចំណាត់ការដ៏ខ្លាំងក្លាបំផុតរបស់លោកប្រធានាធិបតី Donald Trump ក្នុងការច្រានចោលបទប្បញ្ញត្តិបរិស្ថានចាប់តាំងពីការចាប់ផ្តើមអាណត្តិទីពីររបស់លោក។ ក្រោមការដឹកនាំរបស់លោក ទីភ្នាក់ងារការពារបរិស្ថាន (EPA) បានបញ្ចប់ឯកសារច្បាប់ដែលច្រានចោលសេចក្តីប្រកាសរបស់រដ្ឋាភិបាលឆ្នាំ២០០៩ ដែលគេស្គាល់ថាជា «ការរកឃើញការបង្កគ្រោះថ្នាក់»។ វាគឺជាការគាំទ្រមូលដ្ឋានច្បាប់សម្រាប់បទប្បញ្ញត្តិអាកាសធាតុស្ទើរតែទាំងអស់ក្រោមច្បាប់ខ្យល់ស្អាតសម្រាប់យានយន្ត រោងចក្រថាមពល និងប្រភពបំពុលបរិស្ថានផ្សេងទៀតដែលកំពុងធ្វើឲ្យភពផែនដីឡើងកម្តៅ។

ដោយត្រូវបានបង្កើតឡើងក្រោមប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Barack Obama ការរកឃើញនេះជាបង្កើតកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀត ដែលគំរាមកំហែងដល់សុខភាពសាធារណៈ និងសុខុមាលភាព។ ប៉ុន្តែលោកប្រធានាធិបតី Trump ដែលជាសមាជិកគណបក្សសាធារណរដ្ឋ បានហៅបម្រែបម្រួលអាកាសធាតុថាជា «ការបោកបញ្ឆោត» និង «ការងារបោកប្រាស់»។ លោកបានអះអាងថា ការរកឃើញបង្កគ្រោះថ្នាក់នេះ គឺជា «ការបោកប្រាស់ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ» ដោយបាននិយាយបន្ថែមថា វា «គ្មានមូលដ្ឋានពិតប្រាកដ» ឬមូលដ្ឋានច្បាប់នោះទេ។
លោក Trump បាននិយាយនៅក្នុងពិធីមួយនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា «ផ្ទុយទៅវិញ ក្នុងរយៈពេលជាច្រើនជំនាន់មកនេះ ឥន្ធនៈហ្វូស៊ីលបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ និងបានធ្វើឲ្យមនុស្សរាប់ពាន់លាននាក់ចាកចេញពីភាពក្រីក្រនៅទូទាំងពិភពលោក»។