រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអឺរ៉ុប លោកមានគម្រោងពិភាក្សាអំពី «ពេលវេលាដ៏សំខាន់» ដែលពិភពលោកកំពុងប្រឈម និងតួនាទីរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

លោកបានប្រាប់អ្នកយកព័ត៌មាន មុនពេលហោះទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលរួមសន្និសីទសន្តិសុខទីក្រុងមុយនិច (Munich)ថា៖«ខ្ញុំគិតថា ពិភពលោក គឺស្ថិតនៅពេលវេលាដ៏សំខាន់មួយ។ វាកំពុងផ្លាស់ប្តូរយ៉ាងលឿននៅចំពោះមុខយើង។ និយាយតាមត្រង់ទៅ ពិភពលោកចាស់ បានបាត់ទៅហើយ ពិភពលោកដែលខ្ញុំធំធាត់ គឺនៅ ហើយយើងរស់នៅក្នុងយុគសម័យថ្មីមួយ នៅក្នុងភូមិសាស្ត្រនយោបាយ ហើយវានឹងទាមទារឲ្យយើងទាំងអស់គ្នាពិនិត្យឡើងវិញអំពីអ្វីដែលវាមានលក្ខណៈបែបណានោះ និងតួនាទីរបស់យើង នឹងទៅជាយ៉ាងណា»។
លោក Rubio បានបន្ថែមថា៖«យើងបានសន្ទនាជាច្រើនជាលក្ខណៈឯកជន ជាមួយសម្ព័ន្ធមិត្តជាច្រើនរបស់យើង ហើយយើងត្រូវបន្តការសន្ទនាទាំងនោះ»។

លោកបានកត់សម្គាល់ថា អឺរ៉ុបគឺជាតំបន់ដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក ហើយប្រវត្តិសាស្ត្ររបស់ខ្លួន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិសាស្ត្ររបស់អាមេរិក។ រដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖ «យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអឺរ៉ុប។ ខ្ញុំគិតថា មនុស្សភាគច្រើននៅក្នុងប្រទេសនេះ អាចតាមដានទាំងវប្បធម៌ ឬបេតិកភណ្ឌផ្ទាល់ខ្លួនរបស់ពួកគេត្រឡប់ទៅអឺរ៉ុបវិញ។ ដូច្នេះយើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអឺរ៉ុប ហើយអនាគតរបស់យើង តែងតែត្រូវបានភ្ជាប់គ្នា ហើយនឹងបន្តដូច្នេះ»។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់អឺរ៉ុប នៅថ្ងៃទី១៣-១៦ ខែកុម្ភៈ លោក Rubio មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ស្លូវ៉ាគី និងហុងគ្រី៕