រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផែនការប៉ាឡេស្ទីន លោក Estephan Anton Salameh បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពហិរញ្ញវត្ថុរបស់អាជ្ញាធរប៉ាឡេស្ទីន (PA) គឺកាន់តែធ្ងន់ធ្ងរឡើង» ដែលគំរាមកំហែងដល់ការបន្តផ្តល់សេវាជាមូលដ្ឋាន ខណៈដែលអ៊ីស្រាអែល បានដកប្រាក់ចំណូលពន្ធប៉ាឡេ ស្ទីន រយៈពេល ១០ខែជាប់ៗគ្នា។

លោក Salameh បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា ក្នុងតំបន់វេសបែង ( West Bank) ថា៖«ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំដ៏លំបាកបំផុតផ្នែកហិរញ្ញវត្ថុ ក្នុងប្រវត្តិសាស្ត្ររបស់អាជ្ញាធរប៉ាឡេស្ទីន»។
លោកបាននិយាយថា សម្រាប់រយៈពេល១០ខែជាប់ៗគ្នា អ៊ីស្រាអែលបានបន្តដកប្រាក់ចំណូលពន្ធដែលជាកម្មសិទ្ធិរបស់អាជ្ញាធរប៉ាឡេស្ទីន ដោយកត់សម្គាល់ថា បច្ចុប្បន្នប្រទេសនេះ កំពុងដកប្រាក់ប្រហែល ៤,៤ ពាន់លានដុល្លារអាមេរិកពីមូលនិធិប៉ាឡេស្ទីន។

លោក Salameh បានលើកឡើងថា៖««គ្មានជម្រើសអ្វីក្រៅពីប្រាក់ចំណូលពន្ធ ដែលមានប្រហែល ៧០ភាគរយនៃប្រាក់ចំណូលសាធារណៈប៉ាឡេស្ទីន ហើយកំពុងត្រូវបានអ៊ីស្រាអែលលួចយកនោះទេ»។
លោកបានអះអាងថា ស្ថាប័នរដ្ឋាភិបាលកំពុងដំណើរការ «ក្នុងកម្រិតអប្បបរមាមួយភាគដប់» រួមមានវិស័យសំខាន់ៗដូចជា សុខាភិបាល ការអប់រំ និងសន្តិសុខ។
លោកបានកត់សម្គាល់ថា៖«យើងត្រូវការប្រាក់មួយពាន់លានសេកែល (shekels) ជារៀងរាល់ខែ ដើម្បីដំណើរការ ទោះបីជាស្ថិតក្នុងកម្រិតមួយទាបក៏ដោយ ហើយការរឹតត្បិតលែងជាជម្រើសទៀតហើយ ប៉ុន្តែជាភាពចាំបាច់»។
លោក Salameh បានកត់សម្គាល់ថា បំណុលសាធារណៈរបស់ PA បានឈានដល់ប្រហែល ១៥,៤២៦ ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ ២០២៥៕