ប្រធានាធិបតីឈីលី លោក Gabriel Boric បានរិះគន់ការបិទផ្លូវគុយបាកាន់តែខ្លាំងឡើងដោយសហរដ្ឋ អាមេរិក ដោយហៅវាថា ជាឧក្រិដ្ឋកម្ម។

មេដឹកនាំឈីលីរូបនេះ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមXថា៖«ការបិទផ្លូវដែលសហរដ្ឋអាមេរិក បានដាក់លើប្រទេសគុយបា និងកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺជាឧក្រិដ្ឋកម្ម និងរំលោភសិទ្ធិមនុស្សរបស់ប្រជាជនទាំងមូល។ មនុស្សម្នាក់អាចមិនយល់ស្របជាមួយគុយបា ប៉ុន្តែគ្មានអ្វីអាចបង្ហាញអំពីភាពត្រឹមត្រូវនៃគ្រោះថ្នាក់ដល់កុមារ និងពលរដ្ឋស្លូតត្រង់បានទេ»។

លោក Boric ក៏បាននិយាយផងដែរថា ប្រទេសឈីលី រួមជាមួយប្រទេសអាមេរិកឡាទីនផ្សេងទៀត នឹងបែងចែកថវិកាទៅឲ្យអង្គការ UNICEF ដើម្បីគាំទ្រប្រជាជនគុយបា។ លោកបានបន្ថែមថា៖«យើងអំពាវនាវឲ្យបញ្ចប់ការបិទផ្លូវដ៏អមនុស្សធម៌នេះ ដូចដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានទាមទារម្តងហើយម្តងទៀតនោះ»៕