អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពយោធានៅអ៊ុយក្រែន កំពុងធ្វើឱ្យអន្តរាយដល់ស្ថានភាពបណ្តាញអគ្គិសនីក្នុងស្រុក ដោយបង្ក «ហានិភ័យមិនធ្លាប់មាន» ដល់សុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ ។

ក្នុងពេលចុងសប្តាហ៍កន្លងទៅនេះ ប្រតិបត្តិការនៅរោងចក្រថាមពលនុយក្លេអ៊ែរ (NPP) បានរងផលប៉ះពាល់ដោយសកម្មភាពយោធា។ អង្គភាពរ៉េអាក់ទ័រទាំងអស់នៅទូទាំងប្រទេសអ៊ុយក្រែន លើកលែងតែមួយ ត្រូវកាត់បន្ថយថាមពល ហើយខ្សែភ្លើងក្រៅទីតាំងជាច្រើនកន្លែងត្រូវបានកាត់ផ្តាច់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។

លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារ IAEA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនទាំងអស់ បានរាយការណ៍ពីយានដ្រូនជាច្រើនគ្រឿង និងមីស៊ីលស៊ីបគោលដៅនៅក្នុងតំបន់ត្រួតពិនិត្យ ហើយក្រុមរបស់ទីភ្នាក់ងារ IAEA នៅរោងចក្រថាមពលនុយក្លេអ៊ែរ Khmelnytsky ក៏បានឮសកម្មភាពយោធាផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបាននិយាយបន្ថែមថា «ព្រឹត្តិការណ៍បែបនេះនៅអ៊ុយក្រែនកំពុងក្លាយជារឿងធម្មតាទៅហើយ ដោយព្រឹត្តិការណ៍នីមួយៗរំលឹកយើងអំពីហានិភ័យមិនធ្លាប់មានចំពោះសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរដែលកើតចេញពីស្ថានភាពបណ្តាញអគ្គិសនីដែលកាន់តែយ៉ាប់យ៉ឺន»។
លោក Grossi បានអំពាវនាវឱ្យមានការអត់ធ្មត់ខាងយោធាជាអតិបរមាពីគ្រប់ភាគីទាំងអស់ ដោយព្រមានថាគ្មាននរណាម្នាក់ទទួលបានអត្ថប្រយោជន៍ពីគ្រោះថ្នាក់នុយក្លេអ៊ែរនោះទេ។