រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បាននិយាយនៅថ្ងៃសុក្រ (ទី១៣ ខេកុម្ភៈ ឆ្នាំ២០២៦) នេះថា ប្រទេសដាណឺម៉ាកនឹងផ្តល់យន្តហោះចម្បាំង F-35 ចំនួន ៤គ្រឿងដល់បេសកកម្ម Arctic Sentry (ឆ្មាំតំបន់អាក់ទិក) របស់អង្គការណាតូ (NATO)។

អង្គការណាតូ បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានចាប់ផ្តើមបេសកកម្មនេះ ដើម្បីពង្រឹងវត្តមានកងកម្លាំងរបស់ប្លុកនៅក្នុងតំបន់អាក់ទិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរម្ងាប់ភាពតានតឹងនៅក្នុងសម្ព័ន្ធភាពនេះ ដែលបណ្តាលមកពីការជំរុញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដណ្ដើមយកកោះហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក។
លោក Poulsen បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការចូលរួមចំណែកនៃយន្តហោះចម្បាំង F-35 របស់យើង ពង្រឹងវត្តមានរួមនៅក្នុងតំបន់នេះ និងគូសបញ្ជាក់ពីតួនាទីរបស់ប្រទេសដាណឺម៉ាកជាសម្ព័ន្ធមិត្តសកម្ម នៅក្នុងតំបន់អាកទិក និងអាត្លង់ទិកខាងជើង»។
ជាមួយគ្នានេះ លោក Poulsen ក៏រំពឹងផងដែរថា សហរដ្ឋអាមេរិកនឹងចូលរួមចំណែកដល់បេសកកម្មរបស់អង្គការណាតូ អំឡុងពេលដែលលោកបានប្រាប់អ្នកសារព័ត៌មាន នៅមុនសន្និសីទសន្តិសុខទីក្រុងមុយនិក (Munich Security Conference) ក្នុងប្រទេសអាល្លឺម៉ង់៕
