រដ្ឋមន្រ្តីការបរទេសស៊ូដង់លោក Mohieldin Salem និយាយថា រដ្ឋាភិបាលរបស់លោក កំពុងការពារទ្វីបអាហ្វ្រិកពីការជ្រៀតជ្រែកខាងក្រៅ ក្នុងសង្រ្គាមស៊ីវិលដ៏ឃោឃៅនៅប្រទេសរបស់លោក ដែលឈានចូលដល់ឆ្នាំទី ៣ ស្របពេលដែលរូបលោកអំពាវនាវឲ្យសហភាពអាហ្វ្រិកគាំទ្រកិច្ចខិតខំរបស់ខ្លួន ក្នុងការធ្វើឲ្យប្រទេសមួយនេះមានស្ថិរភាព ។
អំឡុងបទសម្ភាសន៍ជាមួយកាសែត Al Jazeera នៅរដ្ឋធានី Addis Ababa របស់ប្រទេសអេត្យូពីកាលពីថ្ងៃព្រហស្បតិ៍ នៅក្រៅជំនួបក្រុមប្រឹក្សាសន្តិសុខ និងសន្តិភាពរបស់សហភាពអាហ្វ្រិក លោក Salem និយាយថា សង្រ្គាមរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) ជាមួយកងកម្លាំងគាំទ្ររហ័ស(RSF) គឺជាសង្រ្គាមប្រឆាំងនឹងការធ្វើអន្តរាគមន៍ពីខាងក្រៅ ។
លោកថា សង្រ្គាមបច្ចុប្បន្នដែលត្រូវបានប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់គឺជាសង្រ្គាមប្រឆាំងការជ្រៀតជ្រែកពីបរទេស ។ វានឹងពាក់ព័ន្ធជាមួយទាហានស៊ីឈ្នូលដ៏ច្រើន និងការធ្វើអន្តរគមន៍យ៉ាងខ្លាំង តាមរយៈការផ្តល់មូលនិធិ និងសញ្វាវុធទំនើបជឿនលឿន ។

លោកបញ្ជាក់ថា ដូច្នេះហើយ នៅស៊ូដង់ ពួកយើងការពារទ្វីបអាហ្វ្រិក ដោយតតាំងជាមួយការរួមគំនិតគ្នានេះ ។ អ្វីដែលកំពុងកើតឡើងនៅស៊ូដង់ គឺមិនត្រឹមតែមានគោលដៅលើប្រទេសពួកយើងមួយប៉ុណ្ណោះទេ ប៉ុន្តែទ្វីបទាំងមូលផងដែរ ។
លោក Salem និយាយទៀតថា សហភាពអាហ្វ្រិក តាមរយៈក្រុមប្រឹក្សាសន្តិសុខ និងសន្តិភាពរបស់ខ្លួន មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយពួកគេត្រូវតែពួតដៃគ្នាជាមួយរដ្ឋាភិបាលស៊ូដង់ ដើម្បីឲ្យពួកយើងអាចឆ្ពោះទៅរកស្ថិរភាពប្រកបដោយចីរភាពនៅស៊ូដង់ ។
លោកនិយាយថា ការបញ្ចប់ការផ្អាកសមាជិកភាពស៊ូដង់នៅសហភាពអាហ្វ្រិកដែលមានរយៈពេល ៤ឆ្នាំមកហើយនោះ នឹងផ្តល់អត្ថប្រយោជន៍ដល់ទ្វីបអាហ្វ្រិក ៕
