មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់មកពីរដ្ឋ West Bengal ភាគខាងកើត បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦) ថា បុគ្គលិកសុខាភិបាលឥណ្ឌាម្នាក់ ដែលបានឆ្លងវីរុស Nipah (នីប៉ាហ៍) កាលពីខែធ្នូឆ្នាំមុន បានបាត់បង់ជីវិតហើយ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីខែមករា បានឲ្យដឹងថា ស្ត្រីរូបនេះដែលជាគិលានុបដ្ឋាយិកា គឺជាម្នាក់ក្នុងចំណោមមនុស្ស ២នាក់ នៅក្នុងរដ្ឋនេះដែលបានឆ្លងវីរុស និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក។ លោក Narayan Swaroop Nigam រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មាន Reuters ថា៖ «ស្ត្រីរូបនោះដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បានបាត់បង់ជីវិតដោយសារគាំងបេះដូង»។
វីរុស Nipah ដែលឆ្លងទៅមនុស្សពីសត្វប្រចៀវដែលមានវីរុសនេះ ឬផ្លែឈើដែលត្រូវបានសត្វមានវីរុសនេះស៊ី អាចបណ្តាលឲ្យមានអាការគ្រុនក្តៅ និងរលាកខួរក្បាល ហើយមានអត្រាមរណភាពចន្លោះពី ៤០ភាគរយ ទៅ ៧៥ភាគរយ។
ឥណ្ឌាតែងតែរាយការណ៍ពីការឆ្លងវីរុសម្តងម្កាល ដោយរដ្ឋ Kerala ភាគខាងត្បូងរបស់ប្រទេសនេះ ក៏ត្រូវបានចាត់ទុកថា ជាតំបន់ដែលមានហានិភ័យខ្ពស់បំផុតមួយរបស់ពិភពលោក សម្រាប់វីរុសនេះ។ ប្រទេសអាស៊ី រួមមានថៃ សិង្ហបុរី និងប៉ាគីស្ថាន បានបង្កើនការត្រួតពិនិត្យអាកាសយានដ្ឋាន បន្ទាប់ពីឥណ្ឌាបានបញ្ជាក់ពីការឆ្លងនៅក្នុងខែមករា ប៉ុន្តែអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ហានិភ័យនៃការរីករាលដាលនៃវីរុសនេះ គឺនៅទាប៕