នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានជួបរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅក្រៅកិច្ចប្រជុំសន្តិសុខក្រុង Munich ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចង់ឲ្យមានដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump ទៅកាន់ចិននៅខែមេសា ។
ជំនួបមួយនេះគឺជាជំនួបទល់មុខគ្នាលើកទី ២ រវាងមន្រ្តីការទូតជាន់ខ្ពស់រដ្ឋអាមេរិក និងលោក Wang ។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានព្យាយាមបន្ធូរបន្ថយភាពតានតឹងលើបញ្ហាជាច្រើន រួមទាំងបញ្ហាពាណិជ្ជកម្ម ការប្រឈមដាក់គ្នាលើបញ្ហាពន្ធ ហើយនិងអនាគតកោះតៃវ៉ាន់ ។
ក្នុងខែនេះដែរ លោក Trump មាននូវការជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក Xi Jinping ដែលប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ ចាត់ទុកថា វិជ្ជមានខ្លាំង ។
លោក Rubio និងលោក Wang បានឈរថតរូបមុខកាមេរ៉ា មុនពេលគណៈប្រតិភូទាំង ២ អមដំណើរដោយជំនួយការជាន់ខ្ពស់របស់ពួកគេ អង្គុយទល់មុខគ្នា នៅបន្ទប់កិច្ចប្រជុំក្នុងសណ្ឋាគារ ស្ថិតកណ្តាលទីក្រុង Munich ៕