អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា វាដល់ពេលសម្រាប់ទីក្រុងមូស្គូក្នុងការចាប់ផ្ដើមការចរចាសន្តិភាពដោយស្មោះត្រង់ ដើម្បីជៀសវាងការខាតបង់កាន់តែច្រើនក្នុងការវាយលុករបស់ខ្លួនលើអ៊ុយក្រែន។

លោក Zelenskyy និយាយថា ប្រទេសអ៊ុយក្រែនតែងតែផ្តល់ដំណោះស្រាយសម្រាប់សន្តិភាព និងចង់បានការចរចាប្រកបដោយអត្ថន័យ និងស្មោះត្រង់ចំពោះសន្តិភាព និងសន្តិសុខដោយគ្មានការពន្យារពេល។ លោកប្រធានាធិបតីនិយាយថា លោកចង់ឱ្យអ្នកទាំងអស់គ្នាស្តាប់ឮ លោកនិយាយនាពេលនេះជាពិសេសនៅទីក្រុងមូស្គូ។ ពេលវេលាបានមកដល់ហើយសម្រាប់កិច្ចប្រជុំ វាគឺជាពេលវេលាដើម្បីចរចា។ ពេលវេលាបានមកដល់ហើយដើម្បីស្ដារឡើងវិញបូរណភាពទឹកដី និងយុត្តិធម៌សម្រាប់អ៊ុយក្រែន។ បើមិនដូច្នេះទេ ការខាតបង់របស់រុស្ស៊ីនឹងកាន់តែធំ ដែលវានឹងធ្វើឲ្យអ្នកចំណាយពេលច្រើនជំនាន់ដើម្បីស្ដារឡើងវិញ។
ភាគីទាំងពីរបានចូលរួមក្នុងការចរចាជាច្រើនលើក ដោយគ្មានសញ្ញានៃការឈានដល់ការទម្លាយភាពទាល់ច្រកណាមួយឡើយ ក្រៅពីបើកច្រករបៀងមនុស្សធម៌សម្រាប់ប្រជាជនភៀសខ្លួន និងផ្តល់ជំនួយ។ ជាមួយគ្នានេះលោក Zelenskyy បាននិយាយថា កងកម្លាំងរុស្ស៊ីមានចេតនារារាំងការផ្គត់ផ្គង់មនុស្សធម៌ ចូលដល់ទីក្រុងដែលកំពុងរងការវាយប្រហារ។ លោកនិយាយថា នេះជាយុទ្ធសាស្ត្រដោយចេតនា នេះជាឧក្រិដ្ឋកម្មសង្គ្រាម៕
អត្ថបទ៖ ប៊ុនថន