នៅតំបន់ Calabria ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសអ៊ីតាលី ទន្លេ ២ គឺទន្លេ Busento និងទន្លេ Campagnano បានជន់លិចខេត្ត Cosenza ដោយសារភ្លៀងធ្លាក់ខ្លាំង ។ គ្រួសារមួយចំនួន បានជាប់ខ្លួន ហើយចរាចរណ៍ត្រូវបានអាក់ខាន ។
អភិបាលខេត្ត Cosenza លោក Franz Caruso បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Facebookថា ពួកយើងកំពុងជួបពេលវេលាដ៏លំបាក ។ លោកបានដាក់ចេញប្រព័ន្ធការពារស៊ីវិលក្រុង ហើយក្រុមការងារកំពុងធ្វើការដោយគ្មានការនឿយហត់ ដើម្បីតាមដានតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរ និងឆ្លើយតបចំពោះការជន់លិច និងដើមឈើបាក់ ។
លោកបន្តថា ស្ថានភាពពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្តែនៅអាចគ្រប់គ្រងបាន ។ ចរន្តទឹកហូរខ្លាំងនៅទន្លេ Iassa និងទន្លេ Busento ហើយនិងធ្វើឲ្យវាហូរប្រៀបច្រាំង គឺជាក្តីបារម្ភធំ ។ លោកនឹងបន្តធ្វើបច្ចុប្បន្នភាពស្ថានភាពទឹកជំនន់ ដើម្បីរក្សាសុវត្ថិភាពរបស់ពលរដ្ឋ ហើយនិងរឹតត្បិតការធ្វើដំណើរបស់ពួកគេ ក៏ដូចជាឲ្យពួកគេចៀសវាងធ្វើដំណើរទៅជិតផ្លូវទឹក ។
ដោយឡែក ការប្រកាសអាសន្នកម្រិតពណ៌លឿងទុំ ត្រូវបានចេញផងដែរនៅថ្ងៃនេះ សម្រាប់អាកាសធាតុធ្ងន់ធ្ងរ ។ ក្រសួងការពារស៊ីវិល បានបញ្ជាក់ពីសេចក្តីប្រកាសអាសន្នសម្រាប់តំបន់ឆ្នេរ Tyrrhenian ទាំងមូល នៅតំបន់ Calabria ខណៈសេចក្តីប្រកាសអាសន្នកម្រិតពណ៌លឿងទុំបន្តមានដូចគ្នានៅតំបន់ Puglia, Sardinia, Sicily, Umbria និងតំបន់ Tuscany ៕