ក្រុមកសិករនៅប្រទេសក្រិក បានបើកត្រាក់ទ័ររាប់សិបគ្រឿងរបស់ពួកគេ ចូលទៅក្នុងកណ្តាលទីក្រុងអាតែន កាលពីថ្ងៃសុក្រ (១៣ កុម្ភៈ) ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយខាងផលិតកម្ម និងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីបរទេស ដោយនិយាយថា អ្វីដែលរដ្ឋាភិបាលក្រិក បានផ្តល់ជូនពួកគេរហូតមកដល់ពេលនេះ មិនគ្រប់គ្រាន់ដើម្បីបន្តធ្វើកសិកម្មនោះទេ។

ប្រជាជនបានតម្រង់ជួរ និងសម្ដែងការអបអរ នៅពេលដែលត្រាក់ទ័របានជិះទៅដល់មុខអគារសភា។ ក្រុមកសិករបាននិយាយថា ពួកគេនឹងបន្តនៅទីនោះពេញមួយយប់។ កសិករមួយចំនួនមកពីក្រុង Komotini នៅភាគខាងជើងនៃប្រទេស ដែលចូលរួមក្នុងការតវ៉ា បាននិយាយថា «ជាអកុសល រយៈពេលដាំដុះរដូវក្តៅជិតចាប់ផ្តើមហើយ ប៉ុន្តែយើងពុំមានថវិកាដើម្បីដាំដំណាំនោះទេនៅឆ្នាំនេះ»។
កាលពីខែមុន ប្រជាកសិករទើបតែបានបញ្ចប់ការតវ៉ាបិទផ្លូវទូទាំងប្រទេសអស់ជាច្រើនសប្តាហ៍ ដោយសារតែការទូទាត់ជំនួយកសិកម្មដែលពន្យារពេល។ រដ្ឋាភិបាលក្រិក និយាយថា ខ្លួនបានចែកចាយការទូទាត់ដែលហួសកាលកំណត់ភាគច្រើន ហើយបានប្រកាសពីតម្លៃប្រេងឥន្ធនៈថោកជាងមុន និងរ៉ាប់រងលើការខាតបង់ទិន្នផលនាពេលអនាគត។
ទោះជាយ៉ាងនេះក្ដី ប្រធានសហជីពកសិករក្នុងតំបន់កសិកម្មភាគកណ្តាល Larissa បាននិយាយកាលពីថ្ងៃសុក្រថា កសិករជាច្រើនមិនទាន់ទទួលបានសំណងពេញលេញសម្រាប់ការខាតបង់ដំណាំ និងសត្វពាហនៈកាលពីឆ្នាំមុននៅឡើយទេ ខណៈការធានាតម្លៃអប្បបរមាសម្រាប់កសិផលរបស់ពួកគេ និងការវិនិយោគលើប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធប្រឆាំងនឹងទឹកជំនន់នាពេលអនាគត គឺជាការទាមទារស្នូល ដែលរដ្ឋាភិបាលមិនទាន់បានបំពេញ៕

