សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងបញ្ចប់សិទ្ធិទទួលបានការការពារ សម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសយេម៉ែន ដែលធ្លាប់មានសុពលភាពអស់រយៈពេល ១ទសវត្សរ៍មកហើយ។ ក្រោយមក មន្ត្រីយេម៉ែន បាននិយាយកាលពីល្ងាចថ្ងៃសុក្រ (១៣ កុម្ភៈ) ថា ជនជាតិយេម៉ែនជិត ៤.០០០នាក់ នឹងរងផលប៉ះពាល់ ដោយការសម្រេចចិត្តបញ្ចប់សិទ្ធិការពារបណ្ដោះអាសន្ន (ហៅថា TPS) សម្រាប់ជនជាតិយេម៉ែន នៅសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានប្រកាសនៅថ្ងៃសុក្រថា សិទ្ធិការពារ TPS ដែលត្រូវបានកំណត់ជាលើកដំបូងសម្រាប់ប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះក្នុងខែកញ្ញា ឆ្នាំ២០១៥ ដោយសារតែជម្លោះប្រដាប់អាវុធនៅទីនោះ នឹងត្រូវបញ្ចប់ក្នុងរយៈពេល ៦០ថ្ងៃ។
លោកស្រីបាននិយាយថា «ការអនុញ្ញាតឱ្យអ្នកទទួលផលពី TPS ជនជាតិយេម៉ែន ស្នាក់នៅសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន គឺផ្ទុយនឹងផលប្រយោជន៍ជាតិរបស់អាមេរិក» ដោយពណ៌នាការលុបចោលនេះថាជាចំណាត់ការមួយនៃគោលនយោបាយ «យកអាមេរិកជាធំ»។
សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកទទួលផលយេម៉ែន ដែលគ្មានមូលដ្ឋានស្របច្បាប់ផ្សេងទៀតសម្រាប់ការស្នាក់នៅសហរដ្ឋអាមេរិក មានរយៈពេល ៦០ថ្ងៃដើម្បីចាកចេញពីសហរដ្ឋអាមេរិក ដោយស្ម័គ្រចិត្ត បើពុំនោះសោតនឹងប្រឈមការចាប់ខ្លួន ហើយអាមេរិក នឹងផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃ និង «ប្រាក់រង្វាន់ចាកចេញ» ចំនួន ២.៦០០ ដុល្លារ សម្រាប់អ្នកដែល «និរទេសដោយខ្លួនឯង»៕

