ក្រុមសហគ្រិន បានអបអរសាទរចំពោះ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» របស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានសម្ពោធបើក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ កម្មវិធីនេះរៀបចំឡើង នៅផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ តាមរយៈយុទ្ធនាការនេះ ក្រុមសហគ្រិន រំពឹងថា ផលិតផលរបស់ពួកគាត់នឹងកាន់តែមានសន្ទុះគាំទ្រខ្លាំងឡើង ស្របពេលមានសន្ទុះកើនឡើងយ៉ាងខ្លាំងពីសំណាក់ប្រជាជន ងាកមកគាំទ្រ ប្រើប្រាស់ និងផ្តល់តម្លៃដល់ផលិតផលជាតិ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រកាសបើកសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅព្រឹកនេះថា យុទ្ធនាការនេះ នឹងរៀបចំឡើងមានរយៈពេលមួយឆ្នាំពេញ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃ ផលិតផលជាតិ ជូនដល់អតិថិជន និងអ្នកប្រើប្រាស់ និងធ្វើឱ្យម៉ាកផលិតផលជាតិមានភាពលេចធ្លោ។
លោកជំទាវ ចម និម្មល ថ្លែងទៀតថា «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នឹងរុញច្រាននូវស្មារតីស្រលាញ់ផលិតផលជាតិកាន់តែខ្លាំងក្លាឡើង ជាពិសេស ការជំរុញការនាំចេញផលិតផលនៅនឹងកន្លែង ដើម្បីរកទីផ្សារជូនម្ចាស់សហគ្រាស និងប្រជាកសិករ។
សហគ្រិនដែលបានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងកម្មវិធី «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅព្រឹកនេះ បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ ដោយពួកគាត់រំពឹងថា នឹងជួយផ្សព្វផ្សាយផលិតផលរបស់ពួកគាត់កាន់តែទូលំទូលាយទៅកាន់អ្នកប្រើប្រាស់។
ក្រុមសហគិ្រនទាំងនោះ បានលើកឡើងថា សព្វថ្ងៃនេះ ផលិតផលក្នុងពិតជាមានការគាំទ្រជាខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋធ្វើពិហកាទំនិញថៃ។ ការគាំទ្រនេះ ក៏ព្រោះតែ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានជួយជ្រោមជ្រែងក្នុងការជួយរកទីផ្សារ និងបង្កើនការផ្សព្វផ្សាយផលិតផលរបស់ទៅកាន់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ពួកគាត់ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តគាំផលិតផលរបស់ពួកគាត់ឱ្យបន្ថែមទៀត ដើម្បីបង្កើតការងារ និងរកប្រាក់ជូនប្រជាកសិករ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ជាពិសេស ក្នុងការបន្តពង្រឹង ការគ្រប់គ្រងទីផ្សារ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់ ការជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅទីផ្សារ ក្នុងស្រុក ដើម្បីផ្សារភ្ជាប់រវាងអ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ អ្នកប្រមូលទិញ៕ អត្តបទ៖ ធូ វិរៈ





