ប្រទេសស្វីសបានលើកឡើងកាលពីថ្ងៃសៅរ៍ ១៤ កុម្ភៈ ថា ប្រទេសអូម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងទីក្រុងហ្សឺណែវនៅសប្តាហ៍ក្រោយ ដោយទីក្រុងវ៉ាស៊ីនតោនជំរុញឱ្យទីក្រុងតេអេរ៉ង់ធ្វើកិច្ចព្រមព្រៀងដើម្បីកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសស្វីសបានប្រាប់សារព័ត៌មាន AFP ថា ប្រទេសស្វីសត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលាដើម្បីផ្តល់ទីតាំងដ៏ល្អរបស់ខ្លួនជួយសម្រួលដល់ការសន្ទនារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
នៅថ្ងៃទី៦ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើកិច្ចចរចានៅប្រទេសអូម៉ង់ជាមួយបេសកជនអាមេរិក លោក Steve Witkoff និងកូនប្រសារដ៏មានឥទ្ធិពលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Jared Kushner។ កិច្ចចរចានេះគឺដោយប្រយោល ដោយអូម៉ង់ដើរតួជាអ្នកសម្របសម្រួល។
លោក Trump ថ្មីៗនេះបានផ្តោតការគំរាមកំហែងដោយយោធារបស់លោកទៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលកងកម្លាំងអាមេរិកបានវាយប្រហារកាលពីខែមិថុនា២០២៥ ក្នុងអំឡុង សង្គ្រាមរយៈពេល ១២ថ្ងៃមិនធ្លាប់មានរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
បន្ទាប់ពីការពិភាក្សាលើកដំបូង ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានទីក្រុងតេអេរ៉ង់ថា ការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់លោកនឹងជារឿងដ៏រន្ធត់បំផុត៕


