ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអាទិត្យ១៥កុម្ភៈថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលលើកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ប្រសិនបើការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បរាជ័យ ។

យោងតាមរបាយការណ៍របស់ទូរទស្សន៍ CBS News ដោយដកស្រង់ប្រភពពីរដែលនឹងបញ្ហានេះ បានឲ្យដឹងថាលោក Trump បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅគេហដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida កាលពីខែធ្នូ។

យោងតាមរបាយការណ៍ មន្ត្រីយោធា និងចារកម្មអាមេរិក ក៏បានពិភាក្សាអំពីរបៀបដែលទីក្រុងវ៉ាស៊ីនតោនអាចជួយអ៊ីស្រាអែលក្នុងប្រតិបត្តិការដែលអាចកើតមានប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់ រួមទាំងការផ្តល់ប្រេងឥន្ធនៈតាមអាកាសសម្រាប់យន្តហោះអ៊ីស្រាអែល និងជួយធានាការអនុញ្ញាតហោះហើររំលងលើប្រទេសពាក់ព័ន្ធក្នុងតំបន់ ផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បានប្រកាសជាសាធារណៈថា ពួកគេនឹងមិនអនុញ្ញាតឱ្យដែនអាកាសរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឡើយ ហើយក៏មិនឲ្យអ៊ីរ៉ង់ ប្រើដើម្បីវាយប្រហារលើប្រទេសដទៃទៀតដែរ។

កាលពីថ្ងៃអាទិត្យផងដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសស្លូវ៉ាគីថា លោកចូលចិត្តដោះស្រាយភាពតានតឹងជាមួយអ៊ីរ៉ង់តាមរយៈមធ្យោបាយការទូត។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីសហើយកាលពីល្ងាចថ្ងៃទី ១៥កុម្ភៈ ជាមួយគណៈប្រតិភូចរចាអ៊ីរ៉ង់ ដើម្បីចូលរួមកិច្ចចរចាលើកទីពីរជាមួយសហរដ្ឋអាមេរិក និងសកម្មភាពការទូតផ្សេងទៀត៕