ក្រុមមន្ត្រីមូលដ្ឋាន បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់នៅក្នុងដែនដីហ្កាហ្សា រួមទាំងការផ្ទុះនៅជំរំតង់ជាជម្រកសម្រាប់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅផងដែរ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា សកម្មភាពនេះគឺជាការឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់ដោយក្រុមហាម៉ាស។
យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសក្នុងដែនដីហ្កាហ្សា បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ មានតាំងពីខែតុលា២០២៥ មក ប៉ុន្តែប្រជាជនប៉ាឡេស្ទីនជាង ៥៧០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក ។

ការវាយប្រហារចុងក្រោយបំផុតនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃមុនកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពដ៏ចម្រូងចម្រាសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។
ក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំតង់បានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់។
ទន្ទឹមនឹងនេះ ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា ការវាយប្រហារមួយផ្សេងទៀតបានសម្លាប់មនុស្ស៥ នាក់នៅទីក្រុង Khan Younis ភាគខាងត្បូងរបស់ដែនដីហែកហួរដោយសង្គ្រាមមួយនេះ៕