នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ កុម្ភៈ) ថា លោកបានប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងជំនួបចុងក្រោយបំផុតរបស់ភាគីទាំងពីរថា កិច្ចព្រមព្រៀងណាមួយរបស់សហរដ្ឋអាមេរិក ជាមួយអ៊ីរ៉ង់ ត្រូវតែរួមបញ្ចូលការរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនមែនគ្រាន់តែបញ្ឈប់ដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះទេ។

អ៊ីរ៉ង់ និងអាមេរិក បានបន្តការចរចាឡើងវិញនៅដើមខែកុម្ភៈនេះ ដើម្បីដោះស្រាយជម្លោះអស់ជាច្រើនទសវត្សរ៍លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងបញ្ចៀសការប្រឈមមុខដាក់គ្នាខាងយោធាថ្មីមួយ។ កិច្ចចរចាជុំទីពីររវាងភាគីទាំងពីរ ត្រូវបានគ្រោងធ្វើឡើងនៅសប្តាហ៍នេះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ដែលដកស្រង់សម្ដីពីអ្នកការទូតជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់ បានបង្ហាញសុទិដ្ឋិនិយមថា ទីក្រុងតេអេរ៉ង់ កំពុងស្វះស្វែងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ដែលផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ភាគីទាំងពីរ។
ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំរបស់ប្រធានអង្គការជ្វីហ្វអាមេរិក លោក Netanyahu បានបង្ហាញពីការសង្ស័យចំពោះការសម្រេចបានកិច្ចព្រមព្រៀង ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោកបាននិយាយថា កិច្ចព្រមព្រៀងណាមួយត្រូវតែរួមបញ្ចូលការដកសម្ភារៈចម្រាញ់សារធាតុនុយក្លេអ៊ែរចេញពីអ៊ីរ៉ង់។ លោកសង្កត់ធ្ងន់ថា «អ៊ីរ៉ង់គួរតែលែងមានសមត្ថភាពក្នុងការចម្រាញ់សារធាតុនុយក្លេអ៊ែរតទៅទៀត ពោលគឺ មិនមែនគ្រាន់តែបញ្ឈប់ដំណើរការចម្រាញ់នោះទេ ប៉ុន្តែត្រូវតែរុះរើឧបករណ៍និងហេដ្ឋារចនាសម្ព័ន្ធដែលអនុញ្ញាតឱ្យមានដំណើរការចម្រាញ់អ៊ុយរ៉ានីញ៉ូមនេះ តាំងពីដំបូងមកម៉្លេះ»។
ទាក់ទងនឹងបញ្ហានៅតំបន់ហ្កាហ្សា លោក Netanyahu បាននិយាយថា អ៊ីស្រាអែលនៅតែត្រូវ «បញ្ចប់ការងារ» នៃការបំផ្លាញផ្លូវរូងក្រោមដីទាំងអស់នៅក្នុងតំបន់ហ្កាហ្សា។ លោកបាននិយាយថា អ៊ីស្រាអែលបានរុះរើផ្លូវរូងក្រោមដីចំនួន ១៥០គីឡូម៉ែត្រ នៃប្រវែងប៉ាន់ស្មាន ៥០០គីឡូម៉ែត្ររួចទៅហើយ៕

