ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា និងខ្យល់កន្រ្តាក់បានរំខានដល់ជើងហោះហើរ បណ្ដាញផ្លូវរថភ្លើង និងការធ្វើដំណើរតាមសាឡាង ព្រមទាំងបង្ខំឱ្យអាជ្ញាធរបិទផ្លូវនៅទូទាំងផ្នែកខ្លះនៃកោះ North Island របស់ប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទ (១៦ កុម្ភៈ) នេះ និងបានកាត់ផ្តាច់ចរន្តអគ្គិសនីរបស់ប្រជាជនរាប់ម៉ឺននាក់ ក្រោយពីព្យុះភ្លៀងដ៏កំណាច បានសម្លាប់បុរសម្នាក់កាលពីថ្ងៃសៅរ៍កន្លងទៅ។



អាកាសយានដ្ឋាននូវែលសេឡង់ បាននិយាយថា ជើងហោះហើរភាគច្រើនដែលចេញចូលរដ្ឋធានីវែលីងតោន ត្រូវបានលុបចោល ឬពន្យារពេលនៅព្រឹកថ្ងៃចន្ទនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានក្នុងទីក្រុងដូចជា វែលីងតោន ក្រុង Napier និង Palmerston North។
អាជ្ញាធរបាននិយាយថា អចលនទ្រព្យជាង ៣ម៉ឺនកន្លែង ពុំមានអគ្គិសនីប្រើប្រាស់នោះទេ រួមទាំងប៉ះពាល់ដល់អតិថិជនប្រហែល ១០.០០០នាក់ នៅទីក្រុងវែលីងតោន។ អ្នកបើកបរយានយន្តនៅទូទាំងតំបន់វែលីងតោន ត្រូវបានជំរុញកុំឱ្យធ្វើដំណើរ ខណៈសាលារៀនជាច្រើនត្រូវបានបិទទ្វារ ហើយក្រុមសង្គ្រោះបន្ទាន់កំពុងប្រឹងប្រែងឆ្លើយតបទៅនឹងការខូចខាតយ៉ាងទូលំទូលាយ។
រូបភាពដែលចែករំលែកតាមបណ្ដាញអ៊ីនធឺណិត បានបង្ហាញឱ្យឃើញសង្កាត់លំនៅឋានជាច្រើននៅតំបន់ជនបទ បានលិចទឹក ផ្ទះសម្បែងលិចលង់ និងផ្នែកខ្លះនៃផ្លូវថ្នល់បានបាក់ស្រុត។ ប្រព័ន្ធអាកាសធាតុសម្ពាធទាប នៅភាគខាងកើតនៃកោះ North Island របស់នូវែលសេឡង់ បានវាយប្រហារតំបន់ជាច្រើនចាប់តាំងពីចុងសប្តាហ៍មក ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ ហើយព្យុះនេះត្រូវបានព្យាករថា នឹងធ្វើដំណើរឆ្ពោះទៅកាន់កោះ South Island នៅថ្ងៃអង្គារស្អែកនេះ ដោយអាជ្ញាធរបានព្រមានអំពីការរំខានកាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕