ទូរទស្សន៍ Arise បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យនគរបាលរដ្ឋនីហ្សេរីយ៉ា លោក Wasiu Abiodun ថា ក្រុមភេរវករ បានវាយប្រហារភូមិចំនួនបី នៅភាគខាងលិចប្រទេសនីហ្សេរីយ៉ា និងសម្លាប់ប្រជាជនក្នុងតំបនចំនួន ៣២នាក់។
សោកនាដកម្មនេះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងភូមិ Tunga-Makeri, Konsoko និង Pissa ក្នុងរដ្ឋនីហ្សេរីយ៉ា។ ចំនួនពិតប្រាកដនៃជនរងគ្រោះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ និងចំនួនចំណាប់ថ្នូរ ដែលត្រូវបាននាំទៅកាន់ទីតាំងដែលមិនស្គាល់។

ដូចដែលទូរទស្សន៍នេះ បានកត់សម្គាល់ គំរូនៃឧក្រិដ្ឋកម្មទាំងនេះ គឺស្រដៀងគ្នានឹងការវាយប្រហារដោយក្រុមជ្រុលនិយមបូកូហារ៉ាម (Boko Haram)។
នៅថ្ងៃទី ១១ ខែកុម្ភៈ កងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ា បានប្រកាសពីការចាប់ផ្តើមវាយលុកប្រឆាំងនឹង ក្រុមបូកូហារ៉ាម ដែលបានធ្វើការវាយប្រហារភេរវកម្មជាច្រើន រួមទាំងការចាប់ជំរិតផងដែរ។ ក្រុមនេះ បានលេចចេញនៅឆ្នាំ ២០០២ នៅរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា ដោយមានគោលបំណងដណ្តើមអំណាចនៅក្នុងប្រទេសនីហ្សេរីយ៉ា។

ចាប់តាំងពីឆ្នាំ ២០០៩ មក ក្រុមនេះ បានចូលរួមក្នុងសកម្មភាពភេរវកម្មយ៉ាងសកម្ម។
នៅឆ្នាំ ២០១៥ កងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ា បានធ្វើឲ្យក្រុមបូកូហារ៉ាមបរាជ័យយ៉ាងធ្ងន់ធ្ងរ និងបានកាត់បន្ថយទឹកដីភាគច្រើនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ ក្រុមសកម្មប្រយុទ្ធនេះ បានចាប់ផ្តើមបង្កើតមូលដ្ឋាននៅក្នុងប្រទេសជិតខាងនីហ្សេរីយ៉ា ជាពិសេសនៅក្នុងតំបន់បឹងឆាដ (Lake Chad)៕