នៅមុនថ្ងៃចរចាជាមួយសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នាថ្ងៃចន្ទ (ថ្ងៃទី១៦ ខែកុម្ភៈ) បានចាប់ផ្តើមសមយុទ្ធយោធាជាបន្តបន្ទាប់នៅច្រកសមុទ្រហ័រមូស (Hormuz)។
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា សមយុទ្ធធ្វើសង្គ្រាមនេះ ដែលរយៈពេលមិនត្រូវបានប្រកាសឲ្យដឹង មានគោលបំណងរៀបចំកងឆ្មាំ ដើម្បីឲ្យត្រៀមទប់ទល់នឹង «ការគំរាមកំហែងសន្តិសុខ និងយោធាដែលអាចកើតមាន» នៅក្នុងច្រកសមុទ្រនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំទៅកាន់តំបន់នោះ។
ក្រុមអ្នកនយោបាយនិយមជ្រុលអ៊ីរ៉ង់ បានគំរាមកំហែងម្តងហើយម្តងទៀតថា នឹងបិទច្រកសមុទ្រនេះ ជាផ្លូវទឹកយុទ្ធសាស្ត្រមួយដែលប្រហែល ២០ភាគរយនៃផលិតកម្មប្រេងរបស់ពិភពលោកធ្វើដំណើរឆ្លងកាត់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា សមយុទ្ធនេះដែលត្រួតពិនិត្យដោយប្រមុខកងឆ្មាំ លោកឧត្តមសេនីយ៍ Mohammad Pakpour មានគោលបំណងជំរុញសមត្ថភាពរបស់ IRGC ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា សមយុទ្ធនេះធ្វើឡើងនៅពេលដែលទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន រៀបចំដំណើរការកិច្ចចរចាជុំថ្មី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់។
ប្រទេសទាំង២ ដែលជាគូសត្រូវនឹងគ្នា អស់រយៈពេល ៤ទសវត្សរ៍មកហើយនោះ បានចាប់ផ្ដើមការពិភាក្សាឡើងវិញកាលពីថ្ងៃទី៦ ខែកុម្ភៈ នៅអូម៉ង់ ដែលជាលើកដំបូងរបស់ភាគីទាំង២ ចាប់តាំងពីការទូតបានដួលរលំ កាលពីខែមិថុនាឆ្នាំមុន ក្នុងអំឡុងពេលមានសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល ដែលបានឃើញអ៊ីស្រាអែល និងសហរដ្ឋអាមេរិកវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលកំពុងដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យឈានដល់កិច្ចព្រមព្រៀង បានដាក់ពង្រាយកងកម្លាំងជើងទឹកទៅកាន់តំបន់នោះ ដែលលោកបានពិពណ៌នាថា ជា «ក្រុមកងនាវាចម្បាំងកងទ័ពជើងទឹកដ៏ធំ»៕

