គំនរសំរាមបានចាប់ផ្តើមកកកុញនៅតាមជ្រុងផ្លូវនានាក្នុងរដ្ឋធានីហាឡាវ៉ាន របស់ប្រទេសគុយបា ដោយទាក់ទាញហ្វូងសត្វរុយ និងជះក្លិនអាហារស្អុយរលួយពាសពេញដងផ្លូវ ដែលជាផលប៉ះពាល់ដ៏ច្បាស់គួរឱ្យកត់សម្គាល់បំផុតមួយនៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ប្រេងមិនឱ្យទៅដល់ប្រទេសកោះធំបំផុតនៃសមុទ្រការ៉ាអ៊ីបមួយនេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Cubadebate បានរាយការណ៍នៅខែកុម្ភៈនេះថា មានតែរថយន្តដឹកសំរាមចំនួន ៤៤ គ្រឿងប៉ុណ្ណោះក្នុងចំណោមរថយន្ត ១០៦ គ្រឿងរបស់ទីក្រុងហាឡាវ៉ាន អាចបន្តដំណើរការបាន ដោយសារតែកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ដែលធ្វើឱ្យការប្រមូលសំរាមត្រូវថយចុះ។
ខ្សែវីដេអូពីប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញឱ្យឃើញថា ប្រអប់ក្រដាសកាតុង ថង់ស្បោងដែលប្រើរួច ដបប្លាស្ទិក និងក្រណាត់កន្ទបជាដើម ត្រូវបានដាក់គរដូចភ្នំ នៅតាមជ្រុងផ្លូវនានាទូទាំងរដ្ឋធានីមាត់សមុទ្រដ៏ស្រស់ស្អាត ខណៈប្រជាពលរដ្ឋមួយចំនួនកំពុងកកាយសំរាមដើម្បីស្វែងរកសំណល់អេតចាយដែលពួកគេអាចប្រើប្រាស់ឡើងវិញបាន ចំណែកឯអ្នកបើកបរ និងអ្នកថ្មើរជើងដែលឆ្លងកាត់ ត្រូវបង្ខំចិត្តគេចពីគំនរសំរាមដ៏ធំសម្បើមនោះ។
នៅទីប្រជុំជនផ្សេងទៀតលើកោះដែលមានប្រជាជនប្រមាណ ១១ លាននាក់រស់នៅមួយនេះ អ្នកស្រុកបានព្រមានពីហានិភ័យដល់សុខភាពសាធារណៈដោយសារបញ្ហានេះ។ គួរឱ្យដឹងថា អាមេរិកបានរក្សាការដាក់ទណ្ឌកម្មប្រេងលើគុយបា ចាប់តាំងពីឆ្នាំ១៩៦០មកម៉្លេះ ប៉ុន្តែក្នុងប៉ុន្មានខែថ្មីៗនេះ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានពង្រឹងការរឹតត្បិតរបស់ខ្លួន ដោយដាក់ទណ្ឌកម្មកាន់តែធ្ងន់លើនាវាដែលដឹកជញ្ជូនប្រេង និងគំរាមយកពន្ធលើប្រទេសណាដែលផ្គត់ផ្គង់ប្រេងទៅកាន់កោះនេះ៕


