អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) បានឲ្យដឹងថា អ៊ីស្រាអែលបានបដិសេធ ឬរារាំងស្ទើរតែពាក់កណ្តាលនៃលំហូរជំនួយមនុស្សធម៌ដែលត្រូវបានសម្របសម្រួល នៅក្នុងតំបន់ហ្កាហ្សា ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ដោយមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតទាំងស្រុង ក្នុងរយៈពេល ៦ថ្ងៃនេះ។
ដោយដកស្រង់ការលើកកឡើងពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានព្រមានអំឡុងសន្និសីទសារព័ត៌មានមួយថា ប្រតិបត្តិការមនុស្សធម៌ «បន្តប្រឈមនឹងឧបសគ្គធំៗ»។

លោក Dujarric បានលើកឡើងថា៖ «ការដឹកជញ្ជូនពីប្រទេសហ្ស៊កដានី ត្រូវបានរឹតបន្តឹង ចំពោះផ្លូវដែលតម្រូវឲ្យមានការលើកដាក់ទំនិញចុះឡើងជាច្រើនដង»។ លោកបានបន្ថែមថា «ការដឹកជញ្ជូនពីប្រទេសអេហ្ស៊ីប តាមរយៈច្រក Kerem Shalom/Karem Abu Salem ប្រឈមនឹងអត្រាដឹកត្រឡប់មកវិញខ្ពស់។ ទោះបីជាមានការធ្វើឲ្យប្រសើរឡើងថ្មីៗនេះក៏ដោយ ក៏នៅចន្លោះថ្ងៃទី៤ និងទី១០ ខែកុម្ភៈ ការដឹកជញ្ជូនតិចជាង ៦០ភាគរយពីអេហ្ស៊ីប អាចបានទៅដល់គោលដៅ»។
នៅតំបន់ហ្កាហ្សា លោក Dujarric បានសង្កត់ធ្ងន់ថា «លំហូរមនុស្សធម៌ដែលតម្រូវឲ្យមានការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ក៏បន្តប្រឈមនឹងឧបសគ្គផងដែរ»។
លោក Dujarric បានបញ្ជាក់ថា ក្រុមអង្គការសហប្រជាជាតិ នៅទីកន្លែងជាក់ស្ដែង បានបន្តការពិភាក្សាជាមួយអ៊ីស្រាអែល ដើម្បី «បញ្ជាក់ពីការរឹតត្បិត និងស្វែងរកដំណោះស្រាយ»៕

