ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនិយាយថា មនុស្ស ៥នាក់ បានស្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀត រងរបួស ក្នុងអគ្គិភ័យឆាបឆេះអគារផ្ទះល្វែងនៅតំបន់ភាគឦសាន Catalonia ប្រទេសអេស្ប៉ាញ ។
ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញ EFE រាយការណ៍ថា ក្រុមអាជ្ញាធរមានជំនឿថា មនុស្សស្លាប់ គឺជាមនុស្សវ័យក្មេង ហើយពួកគេមួយចំនួន អាចជាអានីតិជន ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អគ្គិភ័យបានឆាបឆេះឡើងនៅបន្ទប់ស្តុកទំនិញ នៅអគារផ្ទះល្វែងកម្ពស់ ៥ជាន់ ស្ថិតក្នុងទីក្រុង Manlleu ដែលជាទីក្រុងមានពលរដ្ឋរស់នៅ ២១.០០០នាក់ ។
ពួកគេបន្តថា មូលហេតុដែលបណ្តាលឲ្យអគ្គិភ័យនេះ កើតឡើង គេនៅពុំទាន់ដឹងភ្លាមៗនោះទេ ហើយជនរងគ្រោះ មិនអាចរត់ចេញពីបន្ទប់ស្តុកទំនិញនោះបាន ។
ដោយឡែក អត្តសញ្ញាណរបស់ជនរងគ្រោះ នឹងត្រូវកំណត់តាមក្រោយនៅថ្ងៃអង្គារនេះ ដោយសារសាកសពមួយចំនួន ត្រូវបានភ្លើងឆេះមើលលែងស្គាល់ ៕