ក្រុមប្រដាប់អាវុធ ហេសបូឡា កាលពីថ្ងៃអង្គារ (១៧ កុម្ភៈ) បានចេញមកបានបដិសេធចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលលីបង់ ក្នុងការផ្តល់ពេលវេលាកំណត់យ៉ាងហោចណាស់ ៤ខែ ដល់កងទ័ព ដើម្បីជំរុញដំណាក់កាលទីពីរនៃផែនការរំសាយអាវុធទូទាំងប្រទេស ដោយនិយាយថា ខ្លួននឹងមិនទទួលយកអ្វីដែលខ្លួនមើលឃើញថា ជាចលនាបម្រើអ៊ីស្រាអែលនោះទេ។

កាលពីខែសីហា ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីលីបង់ បានប្រគល់ភារកិច្ចឱ្យកងទ័ពក្នុងការរៀបចំ និងចាប់ផ្តើមអនុវត្តផែនការមួយដើម្បីនាំយកសព្វាវុធរបស់ក្រុមប្រដាប់អាវុធទាំងអស់ ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដែលជាការប៉ុនប៉ងមួយមានគោលបំណងជាចម្បងគឺដើម្បីដកហូតអាវុធពីក្រុមហេសបូឡា បន្ទាប់ពីសង្គ្រាមដ៏បង្ហូរឈាមរបស់ខ្លួនជាមួយអ៊ីស្រាអែល ក្នុងឆ្នាំ២០២៤។
នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីលីបង់ បានស្វាគមន៍ជាផ្លូវការចំពោះផែនការរបស់កងទ័ព ក្នុងការដកហូតអាវុធពីកងជីវពលស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់ ទោះបីជាមិនបានកំណត់ពេលវេលាច្បាស់លាស់ក៏ដោយ និងបានព្រមានថា សមត្ថភាពមានដែនកំណត់របស់យោធា និងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល អាចរារាំងវឌ្ឍនភាពនេះ។
លោក Sheikh Naim Qassem ប្រធានក្រុមហេសបូឡា បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទថា «អ្វីដែលរដ្ឋាភិបាលលីបង់កំពុងធ្វើ ដោយផ្តោតលើការរំសាយអាវុធ គឺជាកំហុសឆ្គងដ៏ធំមួយ ពីព្រោះបញ្ហានេះបម្រើដល់គោលដៅនៃការឈ្លានពានរបស់អ៊ីស្រាអែល»។ ក្រុមហេសបូឡា តែងច្រានចោលកិច្ចប្រឹងប្រែងរំសាយអាវុធនេះ ថាជាជំហានដ៏ខុសឆ្គងមួយ ខណៈដែលអ៊ីស្រាអែល បន្តកំណត់គោលដៅលើប្រទេសលីបង់ ហើយបណ្ដារដ្ឋមន្ត្រីនិកាយស៊ីអ៊ីត បានដើរចេញពីសម័យប្រជុំគណៈរដ្ឋមន្ត្រីដើម្បីតវ៉ាលើចំណាត់ការនេះ៕

