ប្រធានាធិបតីចិន លោក Xi Jinping បានលើកឡើងថា បំណងប្រាថ្នារបស់ប្រជាជនចិន និងអាមេរិក ចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ នឹងមិនផ្លាស់ប្តូរឡើយ ទោះបីជាទំនាក់ទំនងទ្វេភាគីវិវឌ្ឍទៅជាយ៉ាងណាក៏ដោយ នៅក្នុងលិខិតមួយផ្ញើទៅកាន់មិត្តរបស់លោកនៅរដ្ឋ Iowa មុនទស្សនកិច្ចដែលរំពឹងទុករបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងខែមេសា ខាងមុខនេះ ទៅកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន ស៊ីនហួរ។

ក្នុងលិខិតកាលពីថ្ងៃចន្ទ លោក Xi បានសរសេរថា «ក្តីសង្ឃឹមនៃទំនាក់ទំនងរវាងអាមេរិក-ចិន ស្ថិតនៅក្នុងប្រជាជន»។ លិខិតនេះគឺជាការឆ្លើយតបទៅនឹងការជូនពរឆ្នាំថ្មីពីធុរជនឈ្មោះ Luca Berrone មកពីរដ្ឋ Iowa ដែលលោកបានជួបជាលើកដំបូងក្នុងខែឧសភា ឆ្នាំ១៩៨៥ នៅពេលលោកដឹកនាំគណៈប្រតិភូមួយមកពីខេត្ត Hebei ទៅកាន់ «រដ្ឋបងប្អូន» មួយនេះ ដើម្បីសិក្សាស្វែងយល់អំពីផលិតកម្មម្ហូបអាហារ និងរឿងផ្សេងៗទៀត។
កាលឆ្នាំ ២០២២ លោក Xi បានថ្លែងក្នុងសារជូនពរឆ្នាំថ្មីទៅកាន់លោកស្រី Sarah Lande ដែលជាមិត្តម្នាក់ទៀតក្នុងដំណើរទស្សនកិច្ចរបស់លោកនៅរដ្ឋ Iowa ដដែលនេះថា ពិភពលោកត្រូវការស្ថិរភាពក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន ដែលមានភាពតានតឹងក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩។ គួរឱ្យដឹងថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង បានជួបភាពច្របូកច្របល់នៅឆ្នាំ២០២៥ ដោយលោក Trump កាលពីខែតុលា បានគំរាមដាក់ពន្ធលើការនាំចូលពីប្រទេសចិន។
ចំណងទ្វេភាគីកម្រិតខ្ពស់ហាក់ដូចជាមានស្ថិរភាពឡើងវិញ បន្ទាប់ពីកិច្ចចរចារវាងលោក Xi និងលោក Trump នៅកូរ៉េខាងត្បូង ក្នុងខែតុលាកន្លងទៅ បាននាំទៅដល់ការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន រយៈពេល ១ឆ្នាំ។ បន្ទាប់មក មេដឹកនាំទាំងពីរបានពិភាក្សាតាមទូរសព្ទដ៏គួឱ្យភ្ញាក់ផ្អើលនៅដើមខែកុម្ភៈនេះ ទាក់ទងនឹងកោះតៃវ៉ាន់ និងបញ្ហាសន្តិសុខផ្សេងៗទៀត។ លោក Trump បាននិយាយកាលពីខែមុនថា លោកមានគម្រោងទៅទស្សនកិច្ចប្រទេសចិន នៅខែមេសា ឆ្នាំនេះ ដោយបន្ថែមថា លោកប្រធានាធិតី Xi Jinping នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកវិញ នៅចុងឆ្នាំ២០២៦ ដដែលនេះ៕

