ក្រុមយោធាអ៊ុយក្រែនដែលកំពុងធ្វើប្រតិបត្តិការកាំភ្លើងធំ Caesar ផលិតនៅប្រទេសបារាំង បាននិយាយ ថា កាំភ្លើងធំស្វ័យកម្ម ត្រូវបានបំពាក់ដោយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារខ្លួនពីការគំរាមកំហែងកាន់តែខ្លាំង ពីយានដ្រូនរបស់រុស្ស៊ី។

អង្គភាពកាំភ្លើងធំ ដែលបាញ់ចេញពីទីតាំងលាក់កំបាំងក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍ ត្រូវបានគេមើលឃើញថាបានបន្ទាបកាំភ្លើងធំរបស់ខ្លួនយ៉ាងលឿន ហើយដកថយចូលទៅក្នុងកន្លែងលាក់ខ្លួនបន្ទាប់ពីការវាយប្រហារ ខណៈទាហាន ពិនិត្យមើលទៅលើអាកាសសម្រាប់យានដ្រូនរបស់រុស្ស៊ី។

មេបញ្ជាការអង្គភាព បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងសម្របខ្លួនទៅនឹងយុទ្ធសាស្ត្ររបស់ពួកគេជានិច្ច ដោយដាក់ពង្រាយយានដ្រូនវាយប្រហារច្រើនប្រភេទដែលជារឿយៗលេចឡើងដោយគ្មានការព្រមាន។ លោកនិយាយថា «សត្រូវមិនថយចុះទេ ពួកគេតែងតែប្រសើរឡើង រកមើលចន្លោះប្រហោងដើម្បីចូលមករកយើង»។ នេះជាមូលហេតុដែលប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកកំពុងត្រូវបានដំឡើងនៅលើកាំភ្លើងធំទាំងអស់។
យោធាអ៊ុយក្រែននិយាយថា ការប្រយុទ្ធគ្នាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងតំបន់សំខាន់ៗនៃសមរភូមិមុខភាគអាគ្នេយ៍។