អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ប៉ុន្តែបានព្រមានថា បើសិនការចរចាបរាជ័យ នោះមានន័យថានេះគឺជាសង្គ្រាមលោកលើកទី៣។

លោកបានប្រាប់លោក Fareed Zakaria អ្នកអត្ថាធិប្បាយព័ត៌មានរបស់ទូរទស្សន៍ CNN ថា លោកបានត្រៀមរួចរាល់ហើយក្នុងការចរចាជាមួយលោក Putin។ លោកបានត្រៀមខ្លួនចាំ ២ឆ្នាំមកហើយ។ លោកគិតថា យើងមិនអាចបញ្ចប់សង្គ្រាមនេះបានទេ បើគ្មានការចរចានោះ។ លោកបានបន្ថែមថា លោកគិតហើយថា យើងត្រូវតែប្រើគ្រប់ទម្រង់ គ្រប់ឱកាសដើម្បីទទួលបានទំនួលខុសត្រូវនៃការចរចា ក៏ដូចជាលទ្ធភាពនៃការនិយាយទៅកាន់លោក Putin។ ប៉ុន្តែប្រសិនបើការប៉ុនប៉ងទាំងនេះបរាជ័យ នោះមានន័យថានេះគឺជាសង្គ្រាមលោកលើកទី៣។

លោក Zelensky បានជំរុញឲ្យមានការចរចាបន្ថែមទៀតក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈការវាយលុករបស់រុស្ស៊ីបានឈានចូលដល់សប្ដាហ៍ទី៤។ ក្នុងសារជាវីដេអូដែលបានបង្ហោះកាលពីថ្ងៃសៅរ៍ លោកបានអំពាវនាវឲ្យមានការចរចាដោយកុំបង្អង់យូរ ដោយព្រមានថា បើពុំនោះទេការខាតបង់របស់រុស្ស៊ីនឹងកាន់តែធំ៕
អត្ថបទ៖ សុខមាន