សមត្ថកិច្ចតាមមូលដ្ឋានទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្ត បានចុះទៅតាមសាលារៀន ក៏ដូចជាតាមសហគមន៍ជាប្រចាំ ដើម្បីផ្ដល់ការអប់រំលើបញ្ហាគ្រឿងញៀន ក៏ដូចជាការអប់រំលើច្បាប់ចរាចរណ៍។
ជាការយកចិត្តទុកដាក់លើភូមិឃុំមានសុខសុវត្ថិភាព ក៏ដូចជាសុវត្ថិភាពនៅតាមដងផ្លូវ សមត្ថកិច្ចតាមមូលដ្ឋាន ទាំងនៅតាមបណ្ដាខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញ មន្ត្រីមានសមត្ថកិច្ច បានបន្តចុះផ្ទាល់ដល់ទីតាំងសាលារៀនដើម្បីអប់រំដល់សិស្ស ក៏ដូចជាចុះដល់ទីតាំងសហគមន៍ផ្ទាល់ដើម្បីអប់រំដល់ប្រជាពលរដ្ឋលើបញ្ហាទាំងនេះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សមត្ថកិច្ចនៃសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ បានចុះទៅអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន បញ្ហាបារីអេឡិចត្រូនិក ក៏ដូចជាច្បាប់ចរាចរណ៍ដល់សិស្សសិក្សានៅសាលាបឋមសិក្សាភូមិឬស្សី។ លោក កឹក បូរិន ជានាយប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យ២ លើកឡលើងថា វាជាភាពចាំបាច់ដែលត្រូវបន្តអប់រំដល់ពួកគាត់ ទាំងសិស្សទាំងប្រជាពលរដ្ឋទូទៅលើរឿងទាំងនេះ។ ពិសេសការអប់រំ ដល់កុមារដែលជាទំពាំងស្នងឫស្សីជាធនធានបន្តវេន។ ការអប់រំឱ្យពួកគាត់ដឹងច្បាស់ពីច្បាប់ ដឹងច្បាស់ពីផលប៉ះពាល់ ជារឿងចាំបាច់បំផុត។
ក្នុងឱកាសដដែលនេះ លោកគ្រូ ប៉ាន់ ស្រ៊ា ជានាយកសាលាបឋមសិក្សាភូមិឫស្សី លើកឡើងដែរថា សាលាក៏តែងមានការអប់រំជាប្រចាំដល់កុមារតូចៗ លើបញ្ហាគ្រឿងញៀន និងបញ្ហាចរាចរណ៍ផងដែរ។ លោកថា គ្រប់យ៉ាងគឺធ្វើឡើងក្នុងគោលដៅរួមមួយ គឺបណ្ដុះកុមារទាំងនេះឱ្យក្លាយជាធនធានមនុស្ស ជាសិស្សល្អ ជាកូនល្អ ជាពលរដ្ឋល្អចៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាមិនបំពានច្បាប់ចរាចរណ៍ សុខសុវត្ថិភាពតាមដងផ្លូវ។
សម្រាប់កុមារដែលទទួលបានការអប់រំពន្យល់បន្ថែមនៅថ្ងៃនេះ ក៏សូមអរគុណដល់សមត្ថិកិច្ច ក៏ដូចជាអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលយកចិត្តទុកដាក់លើពួកគាត់ ពន្យល់ឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់លើបញ្ហាទាំងនេះ។ ពួកគេសន្យានឹងធ្វើតាម ឱ្យបានខ្ជាប់ខ្ជួន។
បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ក៏ដូចជាបញ្ហាចរាចរណ៍ សុទ្ធតែជារឿងដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយ។ ថ្មីនេះៗក្រសួងមហាផ្ទៃ ក៏បានប្រកាសក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ជាថ្មីវិញដែរ ក្រោយមួយរយៈនៃការបន្ធូរបន្ថយការអនុវត្តច្បាប់ មានការកើនឡើងគ្រោះថ្នាក់ចរាចរណ៍៕ អត្ថបទ៖ គឹមហុក



