ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នឹងធ្វើសមយុទ្ធកងទ័ពជើងទឹកនៅក្នុងសមុទ្រអូម៉ង់ នាថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) បន្ទាប់ពីមានកិច្ចចរចាជុំចុងក្រោយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន នៅទីក្រុងហ្សឺណែវ ប្រទេស្វីស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។
កាលពីថ្ងៃចន្ទ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ដែលជាអង្គភាពមនោគមវិជ្ជារបស់យោធាអ៊ីរ៉ង់ ក៏បានចាប់ផ្តើមសមយុទ្ធនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ជាបញ្ហាប្រឈមមួយចំពោះកងកម្លាំងកងទ័ពជើងទឹកអាមេរិកដែលដាក់ពង្រាយនៅក្នុងតំបន់។

ដោយដកស្រង់សម្តីអ្នកនាំពាក្យសមយុទ្ធនេះ គឺលោកឧត្តមនាវីទោ Hassan Maghsoudloo ទីភ្នាក់ងារសារព័ត៌មាន ISNA បានរាយការណ៍ថា៖ «សមយុទ្ធកងទ័ពជើងទឹករួមគ្នារបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងរុស្ស៊ី នឹងធ្វើឡើងនៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍) នៅក្នុងសមុទ្ររបស់ប្រទេសអូម៉ង់ និងនៅភាគខាងជើងនៃមហាសមុទ្រឥណ្ឌា»។
ដោយមិនបានបញ្ជាក់រយៈពេលនៃការធ្វើសមយុទ្ធនេះ លោកបានមានប្រសាសន៍ថា៖ «គោលបំណង គឺដើម្បីពង្រឹងសន្តិសុខដែនសមុទ្រ និងដើម្បីពង្រឹងទំនាក់ទំនង រវាងកងទ័ពជើងទឹកនៃប្រទេសទាំង២»។
សមយុទ្ធធ្វើសង្គ្រាមនេះ បានកើតឡើងនៅពេលដែលអ៊ីរ៉ង់ បានបង្ហាញពីភាពវិជ្ជមានបន្ទាប់ពីមានការចរចាជុំទី២ ដែលសម្របសម្រួលដោយអូម៉ង់ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ៕
