មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងរុស្ស៊ីកាលពីថ្ងៃអង្គារ បានសន្យាថា នឹងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងលុបបំបាត់ឧបសគ្គចំពោះគម្រោងរួមគ្នា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim។
នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Larijani និងរដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Sergei Tsivilev បានពិភាក្សាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លោក Larijani បានសរសើរកម្រិត «ល្អឥតខ្ចោះ» នៃទំនាក់ទំនង ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ គឺលើសពីការទូតធម្មតា ហើយបានស៊ូទ្រាំ ទោះបីជាប្រឈមនឹងសម្ពាធ និងការរឹតបន្តឹងស្រដៀងគ្នាពីលោកខាងលិច ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
លោក Tsivilev បានពិពណ៌នាអំពីបរិយាកាសសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថា «មានភាពវិជ្ជមាន» ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតេអេរ៉ង់លើវិស័យផ្សេងៗ រួមទាំងសេដ្ឋកិច្ច និងថាមពល ដោយសង្កត់ធ្ងន់លើជំហរយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ី។
លោករដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី កំពុងនៅទីក្រុងតេអេរ៉ង់សម្រាប់គណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ចរួមអ៊ីរ៉ង់-រុស្ស៊ីលើកទី១៩។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Shana ដែលមានទំនាក់ទំនងជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ លោកបានជួបជាមួយរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Mohsen Paknejad ដើម្បីពិភាក្សាអំពីការពង្រីកភាពជាដៃគូក្នុងវិស័យប្រេង ថាមពល ការដឹកជញ្ជូន និងពាណិជ្ជ កម្ម។
អ៊ីរ៉ង់ និងរុស្ស៊ី ដែលកំពុងប្រឈមនឹងទណ្ឌកម្មយ៉ាងទូលំទូលាយពីសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ពួកគេ ដើម្បីទប់ទល់នឹងសម្ពាធរបស់លោកខាងលិច៕
