អ្នកជិះស្គី ៩នាក់ បានបាត់ខ្លួន បន្ទាប់ពីមានបំណាក់ព្រិល នៅតំបន់ភ្នំ Sierra Nevada របស់រដ្ឋ California កាលពីថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) ប៉ុន្តែអាជ្ញាធរបានប្រាប់ថា មនុស្ស ៦នាក់ផ្សេងទៀតដែលជាប់ក្នុងហេតុការណ៍នោះ ត្រូវបានជួយសង្គ្រោះ។

យោងតាមសេចក្តីថ្លែងការណ៍លើបណ្ដាញសង្គម Facebook ដែលត្រូវបានបង្ហោះដោយការិយាល័យតម្រួតតំបន់ Nevada County បានឲ្យដឹងថា បំណាក់ព្រិលទឹកកកនេះ បានកើតមានយ៉ាងលឿននៅតំបន់ Castle Peak នៃទីក្រុង Truckee រដ្ឋ California ចម្ងាយប្រហែល ១៦គីឡូម៉ែត្រ នៅភាគខាងជើងបឹង Tahoe នៅម៉ោងប្រហែល ១១:៣០ព្រឹក (ម៉ោងក្នុងស្រុក) ដោយបានកប់ក្រុមអ្នកជិះស្គី។
អ្នកដែលត្រូវបានជួយសង្គ្រោះមានស្ថានភាពរបួសខុសៗគ្នា ហើយ ២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។ ការិយាល័យតម្រួតបានកែសម្រួលចំនួនមនុស្ស មកត្រឹម ១៥នាក់ ខណៈការប៉ាន់ស្មាននៅមុននេះ គឺមាន ១៦នាក់ ដោយបន្ថែមថា មិនមានការធ្វើបច្ចុប្បន្នបន្ថែមទៀត ត្រូវបានគេរំពឹងទុកនោះឡើយ នៅថ្ងៃទី១៧ ខែកុម្ភៈ។
ប្រសិនបើអ្នកជិះស្គីដែលបាត់ខ្លួនទាំង ៩នាក់ បាត់បង់ជីវិតនោះ ហេតុការណ៍នេះនឹងជាប់ក្នុងចំណោមបំណាក់ព្រិលទឹកកកបណ្ដាលឲ្យមានអ្នកស្លាប់ច្រើន ដែលត្រូវបានកត់ត្រានៅសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលព័ត៌មានបំណាក់ព្រិល នៅរដ្ឋ Colorado បានរាប់ចំនួនអ្នកស្លាប់ដោយសារបំណាក់ព្រិលនៅសហរដ្ឋអាមេរិកចំនួន ៦នាក់រហូតមកដល់ពេលនេះ ក្នុងរដូវកាលនេះ។ មជ្ឈមណ្ឌលនេះបានរាយការណ៍ថា បំណាក់ព្រិលទឹកកក បានឆក់យកជីវិតមនុស្សជាមធ្យម ២៧នាក់ ក្នុងរដូវរងានីមួយៗ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក៕

