ការផ្ទុះនៅហាងកាំជ្រួចភ្ញីមួយកន្លែង នៅភាគកណ្តាលប្រទេសចិន បានបណ្ដាលឲ្យមនុស្ស ១២នាក់យ៉ាងតិចបាត់បង់ជីវិត នៅថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) ដែលជាថ្ងៃទី២ នៃថ្ងៃឈប់សម្រាកចូលឆ្នាំប្រពៃណីចិន។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV។
ការបាញ់កាំជ្រួចភ្ញី និងផាវ គឺជារឿងធម្មតា ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យនៅប្រទេសចិន ជាពិសេសនៅក្នុងរង្វង់រយៈពេលនៃពិធីបុណ្យចូលឆ្នាំចិន ដែលបានចាប់ផ្ដើមកាលពីថ្ងៃអង្គារ។
ទោះបីជាទីក្រុងធំៗជាច្រើន ក្នុងនោះរួមទាំងរដ្ឋធានីប៉េកាំងផងដែរ បានហាមឃាត់ការធ្វើបែបនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយសារតែការបំពុលក៏ដោយ ក៏ទីប្រជុំជន និងតំបន់ជនបទ ជារឿយៗត្រូវបានឮពេញទៅដោយសំឡេងផ្ទុះរបស់ផាវ និងកាំជ្រួចភ្ញី រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ។
ដោយដកស្រង់សម្ដីអាជ្ញាធរមូលដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ CCTV បានឲ្យដឹងថា៖ «នៅម៉ោងប្រហែល ២រសៀល (ម៉ោងក្នុងស្រុក) នាថ្ងៃទី១៨ ខែកុម្ភៈនេះ មានអគ្គិភ័យ និងការផ្ទុះនៅហាងកាំជ្រួចភ្ញី និងផាវមួយកន្លែង នៅទីក្រុង Zhengji ក្នុងខេត្ត Hubei។ អគ្គិភ័យបានគ្របដណ្តប់តំបន់ប្រហែល ៥០ម៉ែត្រការ៉េ ហើយបានបណ្តាលឲ្យមានអ្នកស្លាប់រួចហើយ ១២នាក់»។
ប្រព័ន្ធផ្សព្វផ្សាយ CCTV បានឲ្យដឹងបន្ថែមថា មូលហេតុនៃការផ្ទុះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕