ក្នុងខែមករា ដើមឆ្នាំ២០២៦នេះ កម្ពុជានាំចេញទំនិញសំខាន់ៗចូលទីផ្សារចិន មានទឹកប្រាក់ប្រមាណជាង ១៦៤ លានដុល្លារអាមេរិក កើនឡើងជាង ៥៩ ភាគរយ ដែលនេះបានបង្ហាញអំពីការងើបឡើងវិញ ខណៈនៅក្នុងឆ្នាំ២០២៥ ការនាំចេញទៅទីផ្សារមួយនេះបាន ធ្លាក់ចុះជាបន្តបន្ទាប់។
ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន នៅក្នុងឆ្នាំ២០២៥, បើ យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចក្នុងរង្វង់ប្រមាណជិត ២០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៣០ ភាគរយ ធៀបនិងឆ្នាំ២០២៤ ក្នុងនោះការនាំចូលពីប្រទេសចិន សម្រេចប្រមាណ ជាង ១៨ ពាន់លានដុល្លារ ខណៈការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណជិត ១ ៧០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយធ្វើ ឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានគម្លាតឆ្ងាយពីគ្នា ជាពិសេសនៅក្នុងឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជាទៅទីផ្សារ មួយនេះ គឺបានធ្លាក់ចុះជាបន្តបន្ទាប់។
ចំណែកក្នុងខែដំបូង ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ប្រមាណជាង ១ ៩០០ លានដុល្លារអាមេរិក កើនឡើងជាង ២២ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង ១៦៤ លានដុល្លារ កើនឡើង ជាង ៥៩ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើងជិត ២០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ជុំវិញការនាំចេញរបស់កម្ពុជាទៅទីផ្សារចិននេះ បានបង្ហាញនូវនិន្នាការងើបឡើងវិញ តាមរយៈ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញនាំចេញកសិផលរបស់កម្ពុជា តាមពិធីសារយល់ព្រមនៃ ប្រទេសទាំងពីរ។
សូមរំលឹកថា ទំនិញសំខាន់ៗដែលនាំចេញទៅប្រទេសចិន ភាគច្រើនជាផលិតផលកសិកម្ម និងឧស្សាកម្មកែច្នៃរួមមានដូចជា៖ អង្ករ ស្វាយ ចេក ផ្លែមៀនស្រស់ ផលិតផលជលផល គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌកាត់ដេរមួយចំនួន។ ចំណែក ការនាំចូលពីប្រទេសចិន ភាគច្រើនជាវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ សំណង់ និងយានយន្តជាដើម។ ចំពោះទូទៅរួមមាន, គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ វត្ថុធាតុដើមឧស្សាហកម្ម ផលិតផលអេឡិចត្រូនិក និងទំនិញប្រើប្រាស់ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី
