ក្រុមមន្ត្រីអាមេរិក បាននិយាយថា មេបញ្ជាការជាន់ខ្ពស់ដែលត្រួតពិនិត្យកងកម្លាំងសហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីន ឧត្តមសេនីយ៍ Francis Donovan និងមន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ Joseph Humire បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល ទៅកាន់វ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធសប្ដាហ៍នេះ សម្រាប់ការចរចាសន្តិសុខ។

សារព័ត៌មានរ៉យទ័ររាយការណ៍ថា ទស្សនកិច្ចនេះគឺជាដំណើរលើកដំបូងបំផុតរបស់គណៈប្រតិភូយោធារបស់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីកងកម្លាំងសហរដ្ឋអាមេរិក បានចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ក្នុងការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីខែមករាកន្លងទៅ ហើយបាននាំខ្លួនលោក និងភរិយា ទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ផ្លូវច្បាប់ពីបទជួញដូរគ្រឿងញៀន។

រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបាននិយាយថា គណៈប្រតិភូយោធាសហរដ្ឋអាមេរិក បានជួបជាមួយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ទីក្រុងការ៉ាកាស។ សេចក្តីថ្លែងការណ៍បន្ថែមថា ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន អំពើភេរវកម្ម និងអន្តោប្រវេសន៍។
ទស្សនកិច្ចរបស់យោធាអាមេរិកនេះ គឺធ្វើឡើងបន្ទាប់ពីដំណើរកាលពីសប្តាហ៍មុនរបស់រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright ទៅកាន់ទីក្រុងការ៉ាកាស។ ដំណើរទស្សនកិច្ចទាំងពីរនេះរួមគ្នា បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការប្រើប្រាស់អំណាចយោធា និងគោលនយោបាយថាមពល ដើម្បីជំរុញវ៉េណេស៊ុយអេឡា ឱ្យអនុវត្តកំណែទម្រង់យ៉ាងទូលំទូលាយ៕
