ទីក្រុង Mexico City បានធ្វើសមយុទ្ធរញ្ជួយដីលើកដំបូងរបស់ខ្លួននៅឆ្នាំនេះកាលពីថ្ងៃពុធ ទី១៨ ខែកុម្ភៈ បន្ទាប់ពីប្រព័ន្ធព្រមានពីរញ្ជួយដី ត្រូវបានធ្វើឱ្យសកម្មចំនួនបីលើកចាប់តាំងពីខែមករា។ ក្រុមជួយសង្គ្រោះត្រូវបានដាក់ពង្រាយនៅកណ្តាលទីក្រុង។ បុគ្គលិកនៅក្នុងអគារការិយាល័យតាមបណ្តោយផ្លូវ Reforma Avenue បានជម្លៀសខ្លួនចេញតាមលំដាប់លំដោយ។

វាគឺជាសមយុទ្ធនៅទីក្រុងលើកដំបូង ដែលគ្របដណ្តប់នៅទីក្រុង Mexico City និងរដ្ឋនៅជិតខាងរបស់ប្រទេសម៉ិកស៊ិក នេះបើយោងតាមអភិបាលក្រុង លោក Clara Brugada ខណៈមនុស្ស៨,២ លាននាក់បានចូលរួម ហើយពេលវេលាជម្លៀសខ្លួនចេញជាមធ្យមគឺ១នាទី និង៥២វិនាទី។
មន្ត្រីរូបនេះបាននិយាយថា សមយុទ្ធទទួលបានជោគជ័យ ហើយអ្នកតំណាង FIFA បានចូលរួមក្នុងគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់ទីក្រុង ខណៈរដ្ឋធានីនេះនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នានៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅឆ្នាំនេះ។ ឧបករណ៍បំពងសម្លេងបានបន្លឺសំឡេងរោទិ៍ដោយមានការជូនដំណឹងដែលបានផ្ញើទៅកាន់ទូរស័ព្ទដៃ។

រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រព័ន្ធព្រមានពីរញ្ជួយដី បានដំណើរការជាធម្មតា និងជោគជ័យក្នុងអំឡុងពេលរញ្ជួយដីដែលបានកត់ត្រារហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ជាពិសេសការរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី២ និងទី១៦ ខែមករា និងមួយទៀតនៅថ្ងៃទី ៨ ខែកុម្ភៈ»។