តាមប្រភពពីនគរបាល និងរបាយការណ៍សន្តិសុខ ដែលបានមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ (១៨ កុម្ភៈ) បានឱ្យដឹងថា កម្មកររ៉ែយ៉ាងហោចណាស់ចំនួន ៣៧នាក់ បានស្លាប់ ដោយសារការពុលឧស្ម័នកាបូនម៉ូណូអុកស៊ីត នៅក្នុងការដ្ឋានរុករករ៉ែមួយកន្លែងនៃរដ្ឋ Plateau ប្រទេសនីហ្សេរីយ៉ា។ របាយការណ៍ពីអ្នកស្រុកនិយាយថា មានអ្នកស្លាប់ចំនួន ៣៨នាក់។

យោងតាមរបាយការណ៍ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងក្នុងស្រុកប្រហែល ៥:៤៥នាទីព្រឹក នៅក្នុងអណ្ដូងរ៉ែមួយកន្លែងក្នុងក្រុង Kampani ដែលជាសហគមន៍មួយក្នុងតំបន់ Wase។ កម្មកររ៉ែចំនួន ២៥ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

លោក Dele Alake រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍រ៉ែរឹងរបស់នីហ្សេរីយ៉ា បាននិយាយថា តំបន់នោះគឺជាទីតាំងបោះបង់ចោល និងមានស្តុកទុករ៉ែដែលងាយនឹងបញ្ចេញឧស្ម័នពុល។ លោកបន្តថា អ្នកភូមិដែលមិនដឹងអំពីលក្ខណៈពុលនៃការបំភាយឧស្ម័ននេះ ត្រូវរាយការណ៍ថា បានចូលទៅក្នុងអណ្ដូងនោះដើម្បីជីកយករ៉ែ ហើយបានស្រូបឧស្ម័នពុលនៅក្នុងនោះ។
រដ្ឋាភិបាលប្រចាំរដ្ឋ Plateau បាននិយាយថា មនុស្សជាច្រើនត្រូវបារម្ភថា បានស្លាប់ដោយពុំមានតួលេខច្បាស់លាស់ ដោយបន្ថែមថា អ្នកផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។ គួរឱ្យដឹងថា អណ្តូងរ៉ែភាគច្រើននៅនីហ្សេរីយ៉ា គឺដំណើរការដោយខុសច្បាប់ ខណៈវិធានការសុវត្ថិភាពនៅមានកម្រិត ហើយអ្នករុករករ៉ែជារឿយៗពុំមានឧបករណ៍ការពារគ្រប់គ្រាន់នោះទេ៕