ក្រោយពីជម្លោះដ៏បំផ្លិចបំផ្លាញរយៈពេល ៤ទសវត្សរ៍ ប្រទេសអាហ្វហ្គានីស្ថាន បានពឹងផ្អែកលើជំនួយបរទេសជាយូរមកហើយ ប៉ុន្តែការដណ្តើមអំណាចរបស់ពួកតាលីបង់ ក្នុងឆ្នាំ២០២១ បានធ្វើឱ្យជំនួយបរទេសដោយផ្ទាល់ត្រូវបានបញ្ឈប់ភាគច្រើន ដែលធ្វើឱ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ និងអត់ឃ្លាន ហើយមន្រ្តីជាន់ខ្ពស់មកពីទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានព្រមានពីហានិភ័យសម្រាប់ជីវិតកុមាររាប់លាននាក់។
លោក John Aylieff នាយកប្រចាំអាហ្វហ្គានីស្ថាន នៃកម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បាននិយាយប្រាប់សារព័ត៌មាន AP ថា «អាហ្វហ្គានីស្ថាន មានវិបត្តិអាហារូបត្ថម្ភដ៏មហន្តរាយមួយ ដោយផ្នែកពីរភាគបីនៃប្រទេស ស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរ ឬកម្រិតវិបត្តិ សម្រាប់កង្វះអាហារូបត្ថម្ភស្រួចស្រាវ»។

លោកបន្ត «នេះគឺជាការកើនឡើងដ៏ខ្ពស់បំផុតនៃកង្វះអាហារូបត្ថម្ភដែលមិនធ្លាប់មានពីមុនមកនោះទេ ហើយជីវិតរបស់កុមារ ៤ លាននាក់ កំពុងស្ថិតក្នុងហានិភ័យ»។ លោកសង្កត់ធ្ងន់ថា ក្នុងចំណោមកុមារ ៤ លាននាក់ដែលខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ «ឥឡូវនេះ WFP ត្រូវបង្ខំចិត្តបដិសេធពួកគេដល់ទៅ ៣នាក់ក្នុងចំណោម ៤នាក់ ព្រោះតែមិនមានថវិកាគ្រប់គ្រាន់»។
ស្ថានភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរឡើងដោយសារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ មហន្តរាយរញ្ជួយដីចំនួនពីរលើកនៅចុងឆ្នាំ២០២៥ និងការវិលត្រឡប់ទៅប្រទេសកំណើតវិញរបស់ជនជាតិអាហ្វហ្គានីស្ថានចំនួន ៥,៣លាននាក់ ដែលភាគច្រើនត្រូវបានបណ្តេញចេញពីប៉ាគីស្ថាន និងអ៊ីរ៉ង់ ដែលជាប្រទេសជិតខាង។ ឥឡូវនេះ ការកាត់បន្ថយថវិកាដល់អង្គការមនុស្សធម៌ រួមទាំងការបញ្ឈប់ជំនួយរបស់សហរដ្ឋអាមេរិក ដល់កម្មវិធីនានា ដូចជាការចែកចាយអាហាររបស់ WFP បានកាត់ផ្តាច់ខ្សែជីវិតសម្រាប់មនុស្សរាប់លាននាក់៕

