អ៊ីស្រាអែល កំពុងស្ថិតនៅក្នុងស្ថានភាពប្រុងជើងការខ្ពស់ ហើយកំពុងវាយតម្លៃថា ការប្រឈមមុខដាក់គ្នាខាងយោធាជាមួយអ៊ីរ៉ង់ អាចចាប់ផ្តើម «ក្នុងពេលឆាប់ៗនេះ» នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Kan កាលពីថ្ងៃពុធ (១៨ កុម្ភៈ) ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។
របាយការណ៍នេះបាននិយាយថា អ៊ីស្រាអែល កំពុងរក្សាការត្រៀមលក្ខណៈកម្រិតខ្ពស់ ក្នុងចំណោមលទ្ធភាពនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ «ក្នុងរយៈពេលដ៏ខ្លី» ដោយប៉ាន់ប្រមាណថា ប្រសិនបើជម្លោះចាប់ផ្តើមមែន ប្រតិបត្តិការបែបនេះអាចវិវត្តទៅជាយុទ្ធនាការមួយដែលមានរយៈពេលជាច្រើនសប្តាហ៍។

ក្រុមមន្ត្រីនិយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump ហាក់ដូចជាជិតឈានដល់ការសម្រេចចិត្តចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំមួយនៅមជ្ឈិមបូព៌ា ហើយអ៊ីស្រាអែល កំពុងត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូមួយ ដែលការប្រយុទ្ធគ្នាអាចផ្ទុះឡើង «ក្នុងពេលប៉ុន្មានថ្ងៃទៀត» ប៉ុណ្ណោះ។
គេហទំព័រព័ត៌មានអនឡាញអាមេរិក Axios បានរាយការណ៍ ដោយដកស្រង់ទិន្នន័យរ៉ាដាហោះហើរពីប្រភពបើកចំហ និងសម្អាងដល់មន្ត្រីអាមេរិថា កាលពីសប្តាហ៍មុន លោក Trump បានបញ្ជូនក្រុមប្រយុទ្ធនៃនាវាផ្ទុកយន្តហោះគ្រឿងទីពីរទៅកាន់មជ្ឈិមបូព៌ា។ យន្តហោះចម្បាំង F-35 យន្តហោះ F-22 និង F-16 សរុបជាង ៥០ គ្រឿង បានធ្វើដំណើរទៅកាន់តំបន់នេះ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បន្ថែមពីលើទ្រព្យសម្បត្តិយោធាដែលមានស្រាប់នៅក្នុងតំបន់៕

