មន្ត្រីនគរបាល និងក្រុមជួយសង្គ្រោះបាននិយាយថា ផ្ទុះឧស្ម័ននៅអគារលំនៅឋានមួយកន្លែងក្នុងទីក្រុងកំពង់ផែ Karachi របស់ប្រទេសប៉ាគីស្ថាន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់ រួមមានទាំងស្ត្រីនិងកុមារ និងរងរបួសមនុស្សជាច្រើននាក់ទៀតផ្សេងទៀត បន្ទាប់ពីផ្នែកមួយនៃរចនាសម្ព័ន្ធបានបាក់រលំ។
លោក Rizwan Patel អធិការនគរបាលតំបន់ បានឲ្យដឹងថា ការផ្ទុះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ នេះ នៅក្នុងតំបន់លំនៅឋានមួយកន្លែងក្នុងទីក្រុង Karachi។ ក្រុមជួយសង្គ្រោះនៅតែគាស់កាយក្នុងកម្ទេចកម្ទី ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់នៅក្រោមនោះ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅបន្ត។

លំនៅឋាន និងអគារលំនៅឋាន ភាគច្រើននៅក្នុងទីក្រុង Karachi ក៏ដូចជាកន្លែងផ្សេងទៀតដែរនៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានផ្គត់ផ្គង់ដោយឧស្ម័នធម្មជាតិសម្រាប់ចម្អិនអាហារ។ ទោះជាយ៉ាងណា គ្រួសារជាច្រើនក៏ពឹងផ្អែកលើធុងឧស្ម័នឥន្ធនៈរាវផងដែរ ដោយសារតែសម្ពាធឧស្ម័នធម្មជាតិទាប។
កាលពីខែកក្កដា ការផ្ទុះឧស្ម័នកើតឡើងនៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍នៅលំនៅឋានមួយក្នុងរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស៨នាក់ រួមទាំងកូនក្រមុំ និងកូនកំលោះ។ អាជ្ញាធរនិយាយថា ការផ្ទុះនេះបានកើតឡើងនៅពេលដែលភ្ញៀវបានមកជួបជុំគ្នាគ្នាដើម្បីអបអរគូភរិយាថ្មី។
