ជនជាតិកេនយ៉ាជាង ១.០០០នាក់ បានទៅប្រយុទ្ធឲ្យកងទ័ពរុស្ស៊ីនៅអ៊ុយក្រែន ដែលភាគច្រើននៃពួកគេត្រូវបានគេបោកបញ្ឆោតឲ្យចុះហត្ថលេខាលើកិច្ចសន្យាយោធា។ នេះបើយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ដែលបានបង្ហាញដល់សភាកេនយ៉ា។

ការស៊ើបអង្កេតប្រព័ន្ធផ្សព្វផ្សាយជាច្រើន រួមទាំងការស៊ើបអង្កេតមួយដែលចេញផ្សាយកាលពីដើមខែនេះដោយសារព័ត៌មាន AFP បានលាតត្រដាងពីរបៀបដែលរុស្ស៊ី បានល្បួងបុរសទាំងអស់មកពីប្រទេស អាហ្វ្រិកជាមួយនឹងការសន្យានៃការងារដែលរកប្រាក់ចំណូលបានច្រើន ដើម្បីបង្ខំពួកគេឲ្យប្រយុទ្ធ នៅជួរមុខនៅក្នុងប្រទេសអ៊ុយក្រែន។
ការស៊ើបអង្កេតរួមគ្នាដោយសេវាស៊ើបការណ៍សម្ងាត់ជាតិ និងនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌរបស់ប្រទេសកេនយ៉ា ដែលបានបង្ហាញនៅក្នុងសភាកាលពីថ្ងៃអង្គារ បានដាក់ចំនួនអ្នកដែលត្រូវបានជ្រើសរើសពីប្រទេសនេះនៅ «ជាង១.000 នាក់» ខ្ពស់ជាងតួលេខ «ប្រហែល ២០០នាក់» ដែលផ្តល់ដោយអាជ្ញាធរ នៅក្នុងខែធ្នូ។
លោក Kimani Ichung'wah មេដឹកនាំគាំទ្រដោយសំឡេងភាគច្រើននៃសភា បានប្រាប់សមាជិកសភាថា៖«ជនជាតិកេនយ៉ាចាកចេញពីប្រទេសដោយទិដ្ឋាការទេសចរណ៍ ដើម្បីចូលរួមជាមួយកងទ័ពរុស្ស៊ីតាមរយៈទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគី និងទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម»៕
