នគរបាលប៉ាគីស្ថាន បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ ក្នុងរួមមានទាំងស្ត្រី និងកុមារផង បានបាត់បង់ជីវិត បន្ទាប់ពីការផ្ទុះធុងហ្គាស បានបណ្តាលឲ្យបាក់អគារលំនៅឋានមួយខ្នង នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុង Karachi នាថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ។

នគរបាលបានបញ្ជាក់ថា ធុងហ្គាសបានផ្ទុះនៅជាន់ទី១ នៃបរិវេណអគារច្រើនជាន់ នៅក្នុងផ្សារ Soldier Bazaar ដែលជាតំបន់លំនៅឋានមួយនៅភាគខាងកើតនៃទីក្រុងមានប្រជាជនរស់នៅច្រើនមួយនេះ។
មន្ត្រីនគរបាល លោកស្រី Summaiya Syed បានប្រាប់ថា កុមារចំនួន ៧នាក់ នៅក្នុងរួមមានទាំងកុមារអាយុ ២ឆ្នាំម្នាក់ដែរ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។ នគរបាលបានឲ្យដឹងបន្ថែមថា ពួកគេកំពុងស៊ើបអង្កេតអ្វីដែលជាដើមហេតុបង្កឲ្យមានការផ្ទុះនេះ។
ជាមួយគ្នានេះ ក្រុមសង្គ្រោះបន្ទាន់ ដែលបានជួយសង្គ្រោះអ្នករងរបួសជាង ១០នាក់ពីអគារនេះ បានប្រាប់ថា អាចមានមនុស្សជាច្រើនទៀតត្រូវបានកប់នៅក្នុងគំនរបាក់បែក។
កាលពីខែមុន នៅផ្សារទំនើបមួយ ក្នុងទីក្រុង Karachi នេះដែរ អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើង ដោយបានបណ្ដាលឲ្យមនុស្សជាង ៧០នាក់ស្លាប់៕

