នៅថ្ងៃព្រហស្បត្តិ៍នេះ តុលាការបានកាត់ទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីត្រូវបានរកឃើញថា មានទោសពីបទដឹកនាំការបះបោរ ក្នុងអំឡុងពេលលោកប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។
ទោះបីយ៉ាងណាក៏ដោយ សេចក្តីសម្រេចនេះ ដែលប្រកាសដោយលោក Jee Kui-youn គឺជាចៅក្រមតុលាការតំបន់កណ្តាលក្រុងសេអ៊ូល ស្រាលជាងទោសប្រហារជីវិតដែលរដ្ឋអាជ្ញាបានស្វែងរកនៅឯសវនាការចុងក្រោយនៃដំណើរការកាត់ទោសកាលពីខែមករា ។
ក្រុមអ្នកគាំទ្ររាប់រយនាក់របស់លោក Yoonបានជួបជុំគ្នានៅជិតតុលាការ កាន់បដា និងស្រក់ទឹកភ្នែក ពេលការសម្រេចលើលោក Yoon ត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ។
ខណៈពេលនោះដែរ អ្នកស្រុកកូរ៉េខាងត្បូងបានមើលសេចក្តីសម្រេចរបស់តុលាការនៅស្ថានីយក្រុងសេអ៊ូល ។
ក្រុមអ្នកគាំទ្រដែលចូលរួមពិធីជួបជុំគ្នា បានបង្ហាញភាពខកចិត្តរបស់ពួកគេ ប៉ុន្តែពួកគេនិយាយថា សាលក្រមនេះ នឹងជំរុញចលនារបស់ពួកគេ ខណៈពលរដ្ឋខ្លះទៀតរស់នៅក្នុងទីក្រុងសេអ៊ូលដែលមើលសាលក្រមសម្រេចនេះ ជំរុញឲ្យមានការដាក់ទោសធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ដោយពួកគេព្រមានថា ការប៉ុនប៉ងប្រកាសច្បាប់អាជ្ញាសឹកមិនត្រូវកើតមានម្តងទៀតជាដាច់ខាត ។
សូមបញ្ជាក់ថា ការកាត់ទោសនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចដាច់ដោយឡែកមួយនៅថ្ងៃទី១៦ ខែមករា នៅពេលដែលលោក Yoon ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទប៉ុនប៉ងរារាំងការអនុវត្តដំណើរការចាប់ខ្លួនលោក បន្ទាប់ពីរូបលោកត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងព្យួរតំណែង ។
លោក Yoon គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេកំពុងកាន់តំណែង ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការមួយដែលមានបុគ្គលិកនគរបាលជាង ៣ពាន់នាក់ ដែលបានប្រឈមមុខដាក់គ្នាជាមួយភ្នាក់ងារសន្តិសុខប្រធានាធិបតី ៕