នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ នាយសេនាធិការរបស់លោកនាយករដ្ឋមន្ត្រី Viktor Orban បានប្រាប់សន្និសីទសារព័ត៌មានថា ហុងគ្រីកំពុងពិចារណាកាត់ផ្តាច់ការនាំចេញថាមពល និងឧស្ម័នទៅកាន់អ៊ុយក្រែន ប្រសិនបើទីក្រុងគីវមិនចាប់ផ្ដើមឡើងវិញនូវការបញ្ជូនប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសនេះ តាមរយៈបំពង់បង្ហូរ Druzhba ទេនោះ។
ប្រទេសហុងគ្រី និងស្លូវ៉ាគី ដែលប្រើប្រាស់ប្រេងរបស់រុស្ស៊ីតាមរយៈបំពង់បង្ហូរ Druzhba បានព្យាយាមធានាការផ្គត់ផ្គង់ ចាប់តាំងពីលំហូរត្រូវបានផ្អាកកាលពីថ្ងៃទី២៧ ខែមករា បន្ទាប់ពីមាននូវអ្វីដែលអ៊ុយក្រែន លើកឡើងថា ជាការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរប្រេង។
រោងចក្រចម្រាញ់ប្រេងមានគម្រោងចាប់ផ្តើមទាញយកប្រេងបម្រុងរបស់រដ្ឋ ដោយរដ្ឋាភិបាលស្លូវ៉ាគី កាលពីថ្ងៃពុធ បានអនុម័តការខ្ចីចំនួន ២៥០.០០០តោន។ ហើយនាយសេនាធិការរបស់លោក Orban គឺលោក Gergely Gulyas បាននិយាយថា រដ្ឋាភិបាលហុងគ្រី ក៏បានបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រផងដែរ បន្ទាប់ពីមានសំណើពីក្រុមហ៊ុនចម្រាញ់ប្រេង MOL។
ហុងគ្រី និងស្លូវ៉ាគីបានចោទប្រកាន់អ៊ុយក្រែនថា បានពន្យារពេលការចាប់ផ្តើមលំហូរឡើងវិញ ដោយសារហេតុផលនយោបាយ ហើយកាលពីថ្ងៃពុធ ពួកគេបានប្រកាសបញ្ឈប់ការនាំចេញប្រេងម៉ាស៊ូតទៅកាន់អ៊ុយក្រែន។
ហើយលោក Gulyas បានបញ្ជាក់ថា៖ «យើងក៏កំពុងពិចារណាជម្រើស ក្នុងការបញ្ឈប់ការដឹកជញ្ជូនថាមពល និងឧស្ម័នទៅកាន់អ៊ុយក្រែនផងដែរ»។ លោកបានបន្ថែមថា ទីក្រុង Budapest កំពុងសម្របសម្រួលវិធានការរបស់ខ្លួនជាមួយស្លូវ៉ាគី ប្រសិនបើអ៊ុយក្រែនមិនចាប់ផ្ដើមដំណើរការបញ្ជូនប្រេងឆៅតាមរយៈបំពង់បង្ហូរ Druzhba ទេនោះ៕